
ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ពាក់ព័ន្ធករណីសមគំនិតនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅកាន់ប្រទេសថៃ ប្រឆាំងនឹងអ្នករាជការសាធារណៈ និងប្រើប្រាស់សារធាតុញៀន....។

របាយការណ៍ពីកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋជុំវិញករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ភ្លាមៗ សមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតដល់កំណត់ទីតាំងលាក់ខ្លួនរបស់មេខ្យល់ ប៉ុន្តែកំលុងបើកប្រតិបត្តិការ គ្រួសាររបស់ជនសង្ស័យបានរារាំង និងមានការប្រទូសរ៉ាយជាមួយកម្លាំងសមត្ថកិច្ច បណ្ដាលឱ្យជនល្មើសមានឱកាសរត់គេចខ្លួនដោយហែលទឹកឆ្លងអូរព្រំដែន បាត់ស្រមោលតែម្ដង។

ទោះយ៉ាងណា សមត្ថកិច្ចបានឃាត់មនុស្សទាំង៤នាក់ រួមមាន ឈ្មោះ ធុយ សារ័ត្ន, ឈ្មោះ ស៊ីម រស្មី, ឈ្មោះ ស៊ីម ដា, និង ឈ្មោះ ឌី វណ្ណរ៉ូ។ ក្រោយសួរនាំ ឈ្មោះ ធុយ សារ័ត្ន ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ខណៈជនសង្ស័យ៣នាក់ទៀត ត្រូវកម្លាំងអាវុធហត្ថ កសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕





