អាជ្ញាធររាជធានីភ្នំពេញ ក្រើនរំឭកម្ចាស់កំពង់ចម្លងបង្កើនការប្រុងប្រយ័ត្ន ខណៈហានិភ័យទឹកជំនន់កើនឡើង
អុន សម្ផស្ស
15 ម៉ោងមុន

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លង និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ឱ្យបង្កើនការប្រុងប្រយ័ត្ន និងគោរពវិធានការសុវត្ថិភាព ខណៈស្ថានភាពភ្លៀងធ្លាក់ច្រើនអាចធ្វើឱ្យកម្ពស់ទឹកទន្លេ ស្ទឹង និងព្រែកកើនឡើង អាចបង្កហានិភ័យដល់ការធ្វើដំណើរតាមផ្លូវទឹក..។

ផ្អែកតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងក្របខណ្ឌបង្ការ និងឆ្លើយតបសង្គ្រោះបន្ទាន់ចំពោះគ្រោះទឹកជំនន់ ម្ចាស់កំពង់ចម្លងត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពអ្នកដំណើរ ដោយមិនត្រូវដឹក ឬផ្ទុកមនុស្សលើសចំណុះដែលកំណត់ឡើយ។ ជាមួយគ្នានេះករណីធ្វើដំណើរតាមទូក កាណូត ឬស្រឡាងនៅពេលយប់ ពេលមេឃងងឹត ត្រូវមានភ្លើងបំភ្លឺ គ្រប់គ្រាន់ ព្រមទាំងបំពាក់អាវពោងសុវត្ថិភាព និងឧបករណ៍សង្គ្រោះចាំបាច់ផ្សេងទៀត ដើម្បីត្រៀមឆ្លើយតបក្នុងករណីមានហេតុការណ៍អាសន្នកើតឡើង។ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកជាបណ្តោះអាសន្ន នៅពេលមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់កន្ត្រាក់ខ្លាំងលើកលែងតែករណីចាំបាច់ ឬបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យចំពោះអ្នកបើកបរ និងអ្នកដំណើរ។

ទន្ទឹមនេះ ស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវត្រៀមកម្លាំង និងមធ្យោបាយសង្គ្រោះ រួមមានទូក កាណូត អូប័រ និងមធ្យោបាយដឹកជញ្ជូនផ្សេងៗ ដើម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះឱ្យបានទាន់ពេលវេលា។ ជាពិសេស មន្ត្រីនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងសង្គ្រោះ ត្រូវត្រៀមកាណូត និងអូប័រ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវទឹក ក្នុងករណីមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យម្ចាស់កំពង់ចម្លង អ្នកបើកបរទូក កាណូត និងស្រឡាង ព្រមទាំងអ្នកដំណើរទាំងអស់ ចូលរួមអនុវត្តវិធានការសុវត្ថិភាព និងតាមដានព័ត៌មានអាកាសធាតុជាប្រចាំ ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត