ក្រសួងណែនាំអាណាព្យាបាលដែលមានកូនកើតជំងឺទឹកនោមផ្អែម ចូលរួមលើកទឹកចិត្ត និងរៀបចំការហូបចុករបស់កូនឱ្យបានត្រឹមត្រូវ
S
Soriya Sou
18 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ណែនាំដល់មាតាបិតា អាណាព្យាបាល ដែលមានកូនកើតជំងឺទឹកនោមផ្អែមប្រភេទ១ សូមចូលរួមលើកទឹកចិត្តកូនកុំឱ្យមានសម្ពាធ ព្រោះវាអាចធ្វើឱ្យជំងឺវិវត្តទៅជាពិបាកគ្រប់គ្រង ឬបង្កជាផលវិបាកផ្សេងៗ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងដូច្នេះក្នុងពិធីបើកកម្មវិធីបោះជំរុំជំងឺទឹកនោមផ្អែមប្រភេទ១ ហើយត្រូវបានក្រសួងសុខាភិបាល ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងបង្កើនការយល់ដឹងដល់អ្នកជំងឺ រួមទាំងអាណាព្យាបាលពាក់ព័​ន្ធនឹងជំងឹទឹកនោមផ្អែម។ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទ១ ឱ្យកាន់តែមានប្រសិទ្ធភាព លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋានការពារសុខភាព និងក្រុមគ្រូពេទ្យ ក្រៅពីការព្យាបាលដោយឱសថបានទៀងទាត់ និងត្រឹមត្រូវ ត្រូវយកចិត្តទុកដាក់អប់រំណែនាំពីរបៀបរបបរស់នៅ និងការបរិភោគអាហារដែលមានសុវត្ថិភាព ដែលជាគន្លឹះសំខាន់ក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងប្រភេទ២ ឱ្យបានល្អប្រសើរ។

ដោយឡែក អាណាព្យាបាលរបស់កុមារា កុមារី មានជំងឺទឹកផ្អែមប្រភេទ១ ត្រូវចូលរួម និងលើកទឹកចិត្តកូនឱ្យរស់នៅក្នុងស្ថានភាពដូចកុមារទូទៅ ដោយមិនមានសម្ពាធទាំងលើការធ្វើសកម្មភាពរាងកាយ និងការរស់នៅប្រចាំថ្ងៃ ខណៈការហូបចុក គឺគ្រាន់តែតម្រូវឱ្យមានលក្ខណៈសមស្របតាមការណែនាំរររររបស់គ្រូពេទ្យប៉ុណ្ណោះ។ ចំពោះកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវខិតខំស្ដាប់ និងអនុវត្តតាមវេជ្ជបញ្ជាបស់គ្រូពេទ្យឱ្យបានត្រឹមត្រូវ ទាំងការប្រើប្រាស់ឱសថអាំងស៊ុយលីន និងការទទួលទានអាហារដែលមានសុវត្ថិភាព និងប្រភពច្បាស់លាស់។ មិនត្រូវចាត់ទុកខ្លួនឯងជាអ្នករងសម្ពាធ រហូតធ្វើឱ្យធ្លាក់ទឹកចិត្តនោះឡើយ ព្រោះវាអាចធ្វើឱ្យជំងឺវិវត្តន៍ទៅជាពិបាកគ្រប់គ្រង ឬបង្កជាផលវិបាកផ្សេងៗ។

រីឯការរស់នៅប្រចាំថ្ងៃ ត្រូវធ្វើសកម្មភាពរាងកាយឱ្យបានទៀងទាត់ មានភាពរស់រវើកក្នុងការសិក្សា និងការងារគ្រួសារដូចកុមារទូទៅ។ នេះជាគន្លឹះការពារកុំឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្ត។ រដ្ឋលេខាធិការក្រសួងសុខាភិបាល បន្តលើកទឹកចិត្តដល់កុមារមិនត្រូវចាត់ទុកខ្លួនឯងជាអ្នកជំងឺដែលពិបាកព្យាបាលឡើយ ព្រោះជំងឺនេះអាចគ្រប់គ្រង និងព្យាបាលបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំរររររបស់គ្រូពេទ្យ និងអាណាព្យាបាល។ ចំពោះសាធារណជន និងអ្នកចូលរួមទាំងអស់ត្រូវស្វែងយល់ និងទទួលព័ត៌មានសុខភាពពីប្រភពច្បាស់លាស់ មានលក្ខណៈវេជ្ជសាស្ត្រត្រឹមត្រូវពីគ្រូពេទ្យជំនាញដែលមានការទទួលស្គាល់ ចៀសវាងការជឿ ឬអនុវត្តតាមការប្រាប់តៗគ្នា ដែលអាចប៉ះពាល់ដល់លទ្ធផលព្យាបាល ឬបង្កគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត