
ខេត្តក្រចេះ៖ លោក ទ្រី ម៉េងលាង នាយផ្នែករដ្ឋបាលព្រៃឈើ បានដឹកនាំក្រុមកាងារចុះល្បាត និងចាត់វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយឃាត់បានរថយន្តដឹកធ្យូងខុសច្បាប់មួយគ្រឿង នៅក្បែរសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២០កញ្ញា ឆ្នាំ២០២៦។

លោក ទ្រី ម៉េងលាង បានឱ្យដឹងថា មានរថយន្តដឹកជញ្ជូនធ្យូង ធ្វើដំណើរចេញតាមតំបន់កន្ទួត ហើយភ្លាមៗ មន្ត្រីជំនាញក៏បានឃាត់បានរថយន្ត១គ្រឿង ចំណែករថយន្តចំនួនទៀត បានបើកគេចតាមផ្លូវផ្សេងបាត់ទៅ ដោយសមត្ថកិច្ចឃាត់មិនបាននោះទេ។ ក្រោយការឃាត់បានរថយន្ត និងវត្ថុតាង លោកបានប្រគល់ឱ្យមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត រក្សាទុក ដើម្បីកសាងសំណុំរឿង និងចាត់វិធានការតាមនីតិវិធីច្បាប់។

លោក ទ្រី ម៉េងលាង បានបញ្ជាក់ថា កន្លងមក លោកធ្លាប់បានណែនាំឱ្យមន្ត្រីជំនាញ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ចុះបង្ក្រាបសកម្មភាពដឹកជញ្ជូនធ្យូងខុសច្បាប់នៅតំបន់ខាងលើ ប៉ុន្តែការអនុវត្តជាក់ស្តែង នៅតែមានបញ្ហាប្រឈមមួយចំនួន។ គួរជ្រាបថា ការចុះបង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើថ្នាក់ជាតិ បានណែនាំឱ្យផ្នែករដ្ឋបាលព្រៃឈើក្រចេះ បង្កើនការត្រួតពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់៕



