ប្រមុខចារកម្មអឺរ៉ុបព្រមានពីរុស្ស៊ី មិនរង់ចាំយូរឆ្នាំ សម្រាប់វាយប្រហារលើអង្គការណាតូ
S
Sinuon Nop
12 ម៉ោងមុន

រដ្ឋធានីវ៉ាសាវី៖ បណ្ដាប្រទេសលោកខាងលិច និងសម្ពន្ធមិត្តរបស់អង្គការណាតូ បាននិងកំពុងតែជួយជ្រោមជ្រែងយ៉ាងខ្លាំង ដល់រដ្ឋាភិបាលទីក្រុងកៀវ ទាំងជំនួយយោធា និងស៊ីវិល មានទំហំទឹកប្រាក់ រាប់រយពាន់លានដុល្លារអាម៉េរិក ដើម្បីធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ប៉ុន្ដែឥឡូវ ប្រធានចារកម្មជាច្រើនរបស់អឺរ៉ុប បានព្រមានថា ទីក្រុងមូស្គូ កំពុងតែរៀបចំផែនការ ប្រឆាំងនឹងអង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោកមួយនេះ។

សារព័ត៌មានរបស់អង់គ្លេស Daily Mail បានផ្សាយ កាលពីរសៀល ថ្ងៃចន្ទ ទី២១ ខែកញ្ញាថា បណ្ដាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាច្រើនរបស់អឺរ៉ុប បានព្រមានថា រុស្ស៊ី ប្រហែលជាអាចនឹងធ្វើតេស្ដសាកល្បង ដល់អង្គការណាតូ ជាមួយនឹងការវាយប្រហារណាមួយ អាចនឹងកើតឡើង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយមិនរង់ចាំដល់យូរឆ្នាំនោះឡើយ។

ការព្រមានរបស់បណ្ដាប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អឺរ៉ុប បានកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងចំណោមមេដឹកនាំសហភាពអឺរ៉ុប អំពីការគំរាមកំហែង បង្កឡើងដោយរុស្ស៊ី មកលើទ្វីបអឺរ៉ុប។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ដ៍ ធូស្ក៍ (Donald Tusk) កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ការវាយតម្លៃចារកម្ម បានបង្ហាញថា រុស្ស៊ីអាចនឹងបើកការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬមីស៊ីល មកលើទឹកដីរបស់អង្គការណាតូ នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ជាមួយនឹងការប៉ុនប៉ងបង្ហាញថា មាត្រាទី៥ ដែលចែងពីការរួបរួមការពារគ្នាទៅវិញទៅមករបស់សម្ពន្ធមិត្ត គឺវាគ្រាន់តែទ្រឹស្តី ច្រើនជាងការអនុវត្តជាក់ស្តែង។

ទន្ទឹមគ្នានេះដែរ ប្រធានាធិបតីបារាំង លោក អេមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) បានព្រមាន អំពីការគំរាមកំហែង កាន់តែខ្លាំងឡើង បង្កឡើងដោយប្រតិបត្តិការស្រមោលរបស់ទីក្រុងមូស្គូ នៅទូទាំងទ្វីបអឺរ៉ុប ជាមួយនឹងការលើកឡើងថា លោកបានបញ្ជាឱ្យមានវិធានការដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់បារាំង ដើម្បីបញ្ចៀសពីការវាយប្រហារចម្រុះរបស់រុស្ស៊ី។

ការលើកឡើងរបស់មេដឹកនាំអឺរ៉ុប បានកើតឡើង ចំពេលគណបក្សកាន់អំណាចរបស់រុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ត្រៀមខ្លួនរួចជាស្រេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតសភា ក្នុងអំឡុងសង្គ្រាមលើកដំបូងរបស់ប្រទេស ដែលត្រូវគេចាត់ទុកថា វាជាជ័យជម្នះ ដោយការក្លែងបន្លំ។

ស្របគ្នានេះដែរ សារព័ត៌មាន The Guardian ក៏បានធ្វើបទសម្ភាសន៍ ដាច់ដោយឡែក និងមានទីតាំងផ្សេងៗគ្នា ជាមួយនឹងប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អឺរ៉ុប បានពិភាក្សា អំពីការគំរាមកំហែងដ៏មានសក្ដានុពលពីទីក្រុងមូស្គូ ដោយលោក មីឆាល គូដែលកា (Michal Koudelka) ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃសាធារណរដ្ឋឆែក (BIS) បានលើកឡើងថា ក្រៅពីការកើនឡើង នៃសកម្មភាពយន្តហោះគ្មានមនុស្សបើក ឬដ្រូន ការឈ្លានពានក្នុងកម្រិតតូចមួយ មកលើទឹកដីរបស់អង្គការណាតូ (NATO) ដែលមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ី ក៏អាចជាផ្នែកមួយ នៃផែនការរបស់វិមានក្រឹមឡាំង។ សកម្មភាពដ្រូនទាំងនេះ អាចពាក់ព័ន្ធនឹងការឈ្លានពាន ក្នុងកម្រិតកំណត់ ការបង្កហេតុ ក្រោមការប្រើប្រាស់កលល្បិចបន្លំអត្តសញ្ញាណ ឬយុទ្ធនាការដ៏ធំមួយ។ ស្ថានភាពបែបនេះ អាចនឹងកើតឡើង ក្នុងរយៈពេលប៉ុន្មានខែ មិនមែនប៉ុន្មានឆ្នាំនោះទេ»។ មនុស្សជាច្រើន កំពុងតែខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីធានាថា រឿងនេះនឹងមិនកើតឡើងនោះឡើយ»។

លោក ណ័រមូនស៍ មេសវៀតស៍ ( Normunds Mežviets) អគ្គនាយកទីភ្នាក់ងារសន្ដិសុខរដ្ឋឡាតវី (VDD) បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយ នៅរដ្ឋធានីរីហ្កា ថា៖ «យើងមិនឃើញមានសញ្ញានៃការវាយប្រហារដែលអាចនឹងកើតឡើង ក្នុងពេលឆាប់ៗនេះទេ»។ ប៉ុន្ដែលោកបានទទួលស្គាល់ថា វាមានសញ្ញាបង្ហាញថា ទីក្រុងមូស្គូកំពុងតែរៀបចំខ្លួន សម្រាប់សកម្មភាពដែលមានលក្ខណៈដាច់ណាត់ច្រើនជាងមុន នៅទ្វីបអឺរ៉ុប ប៉ុន្តែលោកបានបញ្ជាក់ថា វាមិននៅទាន់ច្បាស់លាស់ នៅត្រង់ថាតើផែនការទាំងនោះ គ្រាន់តែជាផ្នែកមួយ នៃយុទ្ធសាស្ត្របង្កអស្ថិរភាព។

ដោយឡែក លោក ឌីមីទ្រី ប៉េស្កូ (Dmitry Peskov) អ្នកនាំពាក្យវិមានក្រឹមឡាំង បានច្រានចោល ចំពោះពាក្យចចាអារ៉ាម អំពីរុស្ស៊ី អាចនឹងវាយប្រហារទៅលើអង្គការណាតូ ហើយថា វាក៏មិនមែនជាចេតនារបស់សហព័ន្ធន៍រុស្ស៊ីនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ ប្រជាជនអឺរ៉ុប ភាគច្រើន នឹងនៅតែចងចាំជាប់ក្នុងចិត្តជានិច្ច ចំពោះព្រឹត្តិការណ៍នានា ដែលបាននាំទៅរកការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ខណៈក្រុមមន្ត្រីអាម៉េរិក បានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីកំពុងតែត្រៀមខ្លួនឈ្លានពាន ខណៈវិមានក្រឹមឡាំង តែងតែបដិសេធរឿងនេះ ជាដដែលៗ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត