នាវាចម្បាំងនូវែលសេឡង់ ហែលឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់យ៉ាងរំភើយ
ហៀប ស៊ីថេត
13 ម៉ោងមុន

រដ្ឋធានីវែលីងតុន៖ កងកម្លាំងការពារជាតិនៃប្រទេសនូវែលសេឡង់ បានអះអាងនៅថ្ងៃចន្ទទី២១ ខែកញ្ញានេះថា នាវាចម្បាំងនូវែលសេឡង់ចំនួន២គ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់កាលពីចុងសប្តាហ៍មុន ចំពេលមានភាពតានតឹងជុំវិញផ្លូវទឹកដ៏រសើបមួយនេះ ដែលប្រកាសទាមទារដោយប្រទេសចិន ប៉ុន្តែតៃវ៉ាន់ និងអាម៉េរិកចាត់ទុកថាជាដែនទឹកអន្តរជាតិ។

ដូចប្រទេសភាគច្រើនដែរ នូវែលសេឡង់មិនមានទំនាក់ទំនងទូតផ្លូវការជាមួយតៃវ៉ាន់នោះទេ ប៉ុន្តែក្រុងតៃប៉ិចាត់ទុកនូវែលឡង់ ជាដៃគូប្រជាធិបតេយ្យដ៏សំខាន់ដែលមានទស្សនៈដូចគ្នា ហើយភាគីទាំង២ ក៏មានស្ថានទូតមិនផ្លូវការនៅលើទឹកដីរៀងៗខ្លួនផងដែរ។ អ្នកនាំពាក្យកងកម្លាំងការពារជាតិនូវែលសេឡង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបើកឆ្លងកាត់កាលពីថ្ងៃទី១៨ ខែកញ្ញា ដោយនាវាចម្បាំងតេម៉ាណា (Te Mana) និងនាវាដឹកប្រេងអូតេអារ៉ូអា (Aotearoa) គឺជាផ្នែកមួយនៃការចាត់តាំងបេសកកម្មរយៈពេល៣ខែ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា ៖«ការចាត់តាំងកងកម្លាំងការពារជាតិរបស់នូវែលសេឡង់ ទៅកាន់តំបន់នេះ បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងចំពោះតំបន់នេះ»។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស្តូហ្វឺ លុចសុន (Christopher Luxon) បានហៅសកម្មភាពនេះថាជា«សកម្មភាពធម្មតា» ដោយលោករំពឹងថានឹងមិនមានប្រតិកម្មតបតណាមួយពីប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់ខ្លួនឡើយ។ លោក លុចសុន បានប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីវែលីងតុន​ ថា ៖«វាត្រូវ បានអនុវត្តតាមរបៀបប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ។ វាត្រូវបានអនុវត្តក្រោមច្បាប់អន្តរជាតិ ហើយស្ថិតនៅក្នុងដែនទឹកអន្តរជាតិ»។ សូមជម្រាបថា ទាំងសហរដ្ឋអាម៉េរិក និងតៃវ៉ាន់បានបញ្ជាក់ថា ច្រកសមុទ្ទតៃវ៉ាន់ ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ជិតពាក់កណ្តាលនៃនាវាដឹកកុងតឺន័រសកលលោក គឺជាផ្លូវទឹកអន្តរជាតិ៕

លោក គ្រីស្តូហ្វឺ លុចសុន
លោក គ្រីស្តូហ្វឺ លុចសុន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត