
រដ្ឋធានីប៉េកាំង៖ អគ្គិភ័យដែលបានឆាបឆេះរោងចក្រកាត់ដេរមួយកន្លែងក្នុងទីក្រុងហ្វូសាន (Foshan) ខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃអាទិត្យទី២០ ខែកញ្ញា បានបណ្ដាលឱ្យមនុស្ស៨នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចុះផ្សាយនៅថ្ងៃចន្ទទី២១ ខែកញ្ញានេះ។

ទូរទស្សន៍រដ្ឋចិនបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះឡើងនៅក្នុងអគារកម្ពស់២ជាន់ ស្ថិតក្នុងតំបន់ឧស្សាហកម្ម ហើយត្រូវបានពន្លត់ទៅវិញក្នុងរយៈពេលប្រហែល១ម៉ោង។ យោងតាមរបាយការណ៍ដែលបានបញ្ជាក់ អគារដែលរងការខូចខាតនោះត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពផលិតកម្មកាត់ដេរ រួមទាំងការបោកគក់សាច់ក្រណាត់កាប៊យ (Denim) ហើយអគ្គិភ័យនេះមិនបានឆាបឆេះរាលដាលទៅកាន់តំបន់ផ្សេងទៀតនោះទេ។ វីដេអូនៅលើបណ្តាញសង្គមបានបង្ហាញពីផ្សែងខ្មៅហុយទ្រលោមលើអគារកើតហេតុ តែអគារ និងតំបន់ក្បែរៗនោះដូចជាមិនរងផលប៉ះពាល់ឡើយ។ របាយការណ៍ទូរទស្សន៍រដ្ឋចិន បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានបញ្ចប់ហើយ ដោយមានមនុស្ស៨នាក់ស្លាប់ ហើយមូលហេតុនៃការឆាបឆេះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕





