ប្រធានាធិបតី ត្រាំ ធានា​ដល់មហាកោះហ្គ្រីនឡែនដ៍ ក្រោយបង្កើតវិបត្ដិរញ្ជួយនៅអង្គការណាតូ
S
Sinuon Nop
13 ម៉ោងមុន

រដ្ឋធានីរ៉ាស៊ីនតោន៖ ការវិលត្រឡប់មកកាន់សេតវិមាន នៅអាណត្ដិទី២នេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើព្យុះធ្វើភ្លៀង គំរាមទិញយកដោយបង្ខំនូវកោះហ្គ្រីនឡែនដ៍ពីដៃរបស់ប្រទេសដាណឺម៉ាក រហូតធ្វើឲ្យមហាអំណាចតំបន់អឺរ៉ុប និងបណ្ដាប្រទេសជាសមាជិកអង្គការណាតូ មានការមិនពេញចិត្តនឹងរដ្ឋការបស់លោក ប៉ុន្ដែឥឡូវម្ចាស់សេតវិមានរូបនេះ បានប្រកាសអំពីការធានាដល់សន្ដិសុខ និងអធិបតេយ្យរបស់ប្រទេសដាណឺម៉ាក។

លោកស្រីនាយករដ្ឋមន្រ្ដីដាណឺម៉ាក និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ
លោកស្រីនាយករដ្ឋមន្រ្ដីដាណឺម៉ាក និងប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ

សារព័ត៌មានរបស់កូរ៉េខាងត្បូង The Chosun Daily បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២១ ខែកញ្ញាថា វិបត្ដិកោះហ្គ្រីនឡែនដ៍ (Greenland) បានផ្ទុះឡើង បន្ទាប់ពីរដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសជាសាធារណៈ អំពីគោលបំណង ចង់ដាក់បញ្ចូលមហាកោះយក្សដែលជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក និងជាកោះធំជាងគេបំផុត នៅលើពិភពលោក ឱ្យទៅជាទឹកដីរបស់សហរដ្ឋអាម៉េរិក។ ប៉ុន្ដែឥឡូវសហរដ្ឋអាម៉េរិក និងដាណឺម៉ាក បានឈានដល់ដំណោះស្រាយមួយ ជុំវិញការព្រួយបារម្ភ អំពីសន្ដិសុខរបស់សហរដ្ឋអាម៉េរិក។

លោកស្រីនាយករដ្ឋមន្រ្ដីដាណឺម៉ាក, លោកនាយករដ្ឋមន្រ្ដីកោះហ្គ្រីនឡែនដ៍ និងលោកស្រីប្រធានគណៈកម្មការអឺរ៉ុប
លោកស្រីនាយករដ្ឋមន្រ្ដីដាណឺម៉ាក, លោកនាយករដ្ឋមន្រ្ដីកោះហ្គ្រីនឡែនដ៍ និងលោកស្រីប្រធានគណៈកម្មការអឺរ៉ុប

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះសារ នៅលើបណ្តាញសង្គម Truth Social ថា៖ «យើងបានសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយប្រទេសដាណឺម៉ាក និងកោះហ្គ្រីនឡែនដ៍ (Greenland)។ កិច្ចព្រមព្រៀងនេះ ផ្តល់សិទ្ធិដល់សហរដ្ឋអាម៉េរិក មានសិទ្ធិគ្រប់គ្រងជាអចិន្ត្រៃយ៍ លើបញ្ហាសន្តិសុខ និងកិច្ចការចាំបាច់ផ្សេងៗទៀតរបស់កោះនេះ ដែលជួយដោះស្រាយបញ្ហា និងក្ដីកង្វល់ជាច្រើន ដែលសហរដ្ឋអាម៉េរិក ធ្លាប់លើកឡើង និងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្ដិសុខរបស់អាម៉េរិក»។

ស្របគ្នានេះដែរ នាយករដ្ឋមន្រ្ដីដាណឺម៉ាក លោកស្រី មេត ហ្វ្រេដេរិកសេន ( Mette Frederiksen) ក៏បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយលើកឡើងថា៖ «កិច្ចព្រមព្រៀងដ៏ល្អប្រសើរ ដែលនឹងត្រូវសម្រេច សម្រាប់កោះហ្គ្រីនឡែនដ៍, ដាណឺម៉ាក និងសហរដ្ឋអាម៉េរិក គឺទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសដាណឺម៉ាក ព្រមទាំងទទួលស្គាល់សិទ្ធិ នៅក្នុងការកំណត់ជោគវាសនាខ្លួនឯងរបស់ប្រជាជនរស់នៅហ្គ្រីនឡែនដ៍»។

ដោយផ្អែកលើការលើកឡើងរបស់មេដឹកនាំ នៃប្រទេសទាំង២ មានការប៉ាន់ស្មានថា សហរដ្ឋអាម៉េរិក បានបោះបង់ចោលនូវគោលបំណងដំបូង នៅក្នុងការដាក់បញ្ចូលមហាកោះហ្គ្រីនឡែនដ៍ ទៅជាទឹកដីរបស់ខ្លួន ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងមួយ ដែលផ្តល់ផលប្រយោជន៍ជាតិជាអតិបរមា។ លោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បង្ហាញចំណាប់អារម្មណ៍ នៅក្នុងការទិញយកកោះហ្គ្រីនឡែនដ៍ ចាប់តាំងពីអាណត្តិទីមួយរបស់លោកមកម្ល៉េះ ហើយបានបង្ហាញយ៉ាងច្បាស់នូវបំណងចង់ដាក់បញ្ចូលកោះហ្គ្រីនឡែនដ៍ មកជាទឹកដីរបស់សហរដ្ឋអាម៉េរិកភ្លាមៗ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោតឡើងវិញរបស់លោក ហើយថែមទាំងបានបង្ហើប អំពីលទ្ធភាព នៃការដាក់បញ្ចូលជាទឹកដីរបស់ខ្លួន ដោយបង្ខំ។ ហេតុការណ៍នេះបានបង្កឱ្យមានវិបត្តិ នៅក្នុងសម្ពន្ធភាពអាត្លង់ទិក ដែលមានអង្គការ NATO ជាចម្បង។

ព័ត៌មានលម្អិត នៃកិច្ចព្រមព្រៀង ស្តីពីហ្គ្រីនឡែនដ៍ ដែលមេដឹកនាំសហរដ្ឋអាម៉េរិក និងដាណឺម៉ាក បានប្រកាសរួមគ្នានោះ នៅមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយ ហើយគេរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខាជាផ្លូវការ នៅទីក្រុងញូវយ៉ក ក្នុងអំឡុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ។ រីឯការគ្រប់គ្រងជាអចិន្ត្រៃយ៍ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិកទទួលបានតាមរយៈកិច្ចព្រមព្រៀងនេះ ត្រូវគេរំពឹងថា នឹងផ្តោតលើការរារាំង មិនឱ្យគូប្រកួតប្រជែងដែលមានឥទ្ធិពលខ្លាំងដូចជា ចិន និងរុស្ស៊ី អាចចូលទៅកាន់តំបន់នោះបានឡើយ។

សូមជម្រាប ថា កោះហ្គ្រីនឡែនដ៍ មានផ្ទៃដីទំហំ ២ ១៦៦ ០៨៦គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅ ប្រហែលជាង ៥៦ ០០០នាក់។ កោះដ៏ធំបំផុតរបស់ពិភពលោកមួយនេះ សម្បូរទៅដោយជីវចម្រុះ និងធនធានរ៉ែជាច្រើនប្រភេទ ជាពិសេស រ៉ែកម្រ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត