
រដ្ឋធានីប៉េកាំង៖ តំណាងប្រតិភូជាច្រើនរូប ដែលបានចូលរួមក្នុងសន្និសីទការពារជាតិដ៏សំខាន់របស់ប្រទេសចិន នាខែនេះ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះគ្រោះថ្នាក់នៃការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយគ្មានការត្រួតពិនិត្យ និងការប្រកួតប្រជែងបច្ចេកវិទ្យា ដែលអាចបង្កើនហានិភ័យកាន់តែធ្ងន់ធ្ងរ ដល់បរិយាកាសសន្តិសុខសកល...។

ការព្រមាននេះ បានធ្វើឡើង ស្របពេលប្រទេសមហាអំណាច AI ដ៏ធំបំផុតទាំង២ ក្នុងពិភពលោក គឺ«ចិន និងសហរដ្ឋអាម៉េរិក» កំពុងរៀបចំជំនួបកំពូលទ្វេភាគីនាខែនេះ ប៉ុន្តែភាគីទាំង២ នៅមានទស្សនៈខុសគ្នា លើវិធីសាស្ដ្រគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងប្រព័ន្ធយោធា រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ។ អ្នកចូលរួមក្នុងវេទិកាសន្តិសុខប៉េកាំងសៀងសាន (Beijing Xiangshan Forum) បានលើកឡើងថា បច្ចេកវិទ្យា AI បានបង្រួមពេលវេលានៃការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល និងគ្រោះថ្នាក់ ខណៈព័ត៌មានក្លែងក្លាយបានបំផ្លាញទំនុកចិត្តរបស់សាធារណជន មុនពេលអាជ្ញាធរអាចឆ្លើយតបទាន់ពេលវេលា។

អ្នកចូលរួមក្នុងសន្និសីទ បានចង្អុលបង្ហាញថា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) និងដ្រូនតម្លៃថោក កំពុងផ្លាស់ប្ដូរទម្រង់នៃសង្គ្រាមសម័យទំនើប យ៉ាងឆាប់រហ័ស។ យ៉ាងណា តំណាងកាកបាទក្រហមអន្តរជាតិ (ICRC) បានអះអាងថា ទោះបីជាអាវុធកាន់តែមានស្វ័យប្រវត្តិកម្ម ក៏ការវិនិច្ឆ័យ និងការបញ្ជាចុងក្រោយដោយមនុស្សនៅតែជាចំណុចចាំបាច់បំផុត។ សូមជម្រាបថា ព្រឹត្តិការណ៍រយៈពេល៣ថ្ងៃនេះ មានការចូលរួមពីប្រតិភូប្រមាណជាង២០០០នាក់ មកពីអង្គការអន្តរជាតិ និងប្រទេសជាច្រើនរួមមាន៖ អាម៉េរិក ចិន កូរ៉េខាងជើង រុស្ស៊ី ប៉ាគីស្ថាន តាលីបង់ បណ្តាប្រទេសអាស៊ាន និងប្រទេសផ្សេងៗជាច្រើនទៀត៕




