
រដ្ឋធានីប៉េកាំង៖ អ្នកស្រាវជ្រាវយោធាចិន បានបង្ហាញពីបំណងនៃការរចនារថក្រោះធុនធ្ងន់ទម្ងន់៦០តោនដ៏ទំនើបមួយ ដើរដោយថាមពលនុយក្លេអ៊ែរខ្នាតតូចសម្រាប់ផ្គត់ផ្គង់ថាមពល ជាមួយនឹងការបំពាក់ដោយកាំភ្លើងធំប្រភេទអេឡិចត្រូម៉ាញេទិច...។

រថក្រោះនេះ ត្រូវបានដំណើរការដោយថាមពលនុយក្លេអ៊ែរ ដើម្បីផ្គត់ផ្គង់ដល់ប្រព័ន្ធដំណើរការរថក្រោះ ជាពិសេស គឺបំពាក់ដោយកាំភ្លើងអេឡិចត្រូម៉ាញេទិច ដែលមានកម្លាំងថាមពលរហូតដល់ទៅ៥០មេហ្គាស៊ូល(MJ) ស្មើនឹងថាមពលបំផ្ទុះនៃរំសេវ TNT ប្រមាណ១២គីឡូក្រាម។ រថក្រោះនេះ អាចបាញ់គ្រាប់ផ្លោងក្នុងល្បឿនប្រមាណ ៣,៥គីឡូម៉ែត្រក្នុងមួយវិនាទី ស្មើ១២៦០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ជាក់ស្តែង វាអាចបាញ់កម្ទេចសត្រូវបានក្នុងរយៈចម្ងាយរហូតដល់៤៥០គីឡូម៉ែត្រ។

ដើម្បីឈានទៅដល់ការផលិតរថក្រោះដើរដោយថាមពលនុយក្លេអ៊ែរ អ្នកស្រាវជ្រាវបានកំណត់ផែនការជា៣ដំណាក់កាល។ ដំណាក់កាលទី១ មុនឆ្នាំ២០៣៥៖ ប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតកម្លាំង១៥០០សេះ អាវុធអេឡិចត្រូម៉ាញេទិច ដែលមានកម្លាំង១០មេហ្គាស៊ូល និងចម្ងាយបាញ់ប្រហែល១៥០គីឡូម៉ែត្រ។ ដំណាក់កាលទី២ ឆ្នាំ២០៣៥ ដល់២០៤៥៖ ដំឡើងកម្លាំងអាវុធអេឡិចត្រូម៉ាញេទិច ដល់២០មេហ្គាស៊ូល និងកើនចម្ងាយបាញ់ដល់៣០០គីឡូម៉ែត្រ។ ដំណាក់កាលទី៣ ក្រោយឆ្នាំ២០៤៥៖ បំពាក់ប្រព័ន្ធថាមពលនុយក្លេអ៊ែរពេញលេញ។

ក្នុងសមរភូមិទំនើបដែលពោរពេញដោយដ្រូន និងមីស៊ីល ប្រសិនបើរថក្រោះដើរដោយថាមពលនុយក្លេអ៊ែរនេះ ត្រូវគេបាញ់កម្ទេច នោះវានឹងមិនត្រឹមតែបំផ្លាញរថក្រោះប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កជាមហន្តរាយវិទ្យុសកម្មយ៉ាងធ្ងន់ធ្ងរ។ ទោះយ៉ាងនេះក្ដី បច្ចុប្បន្ន គម្រោងនេះ នៅតែជាគំនិតស្រាវជ្រាវនៅលើក្រដាស និងការធ្វើពិសោធតាមកុំព្យូទ័រនៅឡើយ។ មានសំណួរជាច្រើនលើកឡើងថា តើចិនអាចប្រែក្លាយគោលបំណង និងមហិច្ឆតានេះ ឱ្យចេញជារថក្រោះពិតប្រាកដ ដែលអាចប្រយុទ្ធលើសមរភូមិជាក់ស្តែងបានដែរឬទេ?...៕



