អាម៉េរិកឈានដល់កិច្ចព្រមព្រៀងការពារសន្តិសុខកោះហ្គ្រីនលែន ជាមួយដាណឺម៉ាក
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយ៉ាងក្ដៅគគុកថា សហរដ្ឋអាម៉េរិកបានសម្រេច«កិច្ចព្រមព្រៀងសន្តិសុខអាក់ទិក»ដ៏សំខាន់ និងជាប្រវត្តិសាស្ត្រ ជាមួយមេដឹកនាំនៃប្រទេសដាណឺម៉ាក និងកោះហ្គ្រីនលែន (Greenland) បន្ទាប់ពីលោកបានគំរាមកំហែងដណ្តើមយកដែនកោះស្វយ័តមួយនេះអស់ពេលយ៉ាងយូរ។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

តាមរយៈសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងនេះ ជាជ័យជម្នះផ្ទាល់ខ្លួន ដោយអះអាងថា វានឹងផ្តល់ឱ្យសហរដ្ឋអាម៉េរិកនូវ «ការគ្រប់គ្រងអចិន្ត្រៃយ៍លើផ្នែកសន្តិសុខ និងតម្រូវការទាំងអស់» នៅហ្គ្រីនលែន ហើយសហរដ្ឋអាម៉េរិក នឹងចាប់ផ្តើមរៀបចំផែនការបង្កើតវត្តមានយោធាខ្នាតធំនៅទីនោះភ្លាមៗ។ លោកបានសង្កត់ធ្ងន់ថា គ្មានគូប្រជែងសហរដ្ឋអាម៉េរិកណាមួយ អាចមានមូលដ្ឋានយោធា ឬការវិនិយោគប្រកួតប្រជែងនៅហ្គ្រីនលែនបានឡើយ បើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីរដ្ឋធានីវ៉ាស៊ីនតោនទេនោះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខាផ្លូវការនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក នៅសប្តាហ៍ខាងមុខ។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេត្តេ ហ្វ្រីឌើរីកសេន (Mette Frederiksen) និងមេដឹកនាំរដ្ឋបាលកោះហ្គ្រីនលែន លោក ជេនស៍- ហ្វ្រីឌើរីកសេន នែលសិន (Jens-Frederik Nielsen) បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា កិច្ចព្រមព្រៀងនេះនៅតែ«ទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក ព្រមទាំងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនហ្គ្រីនលែន»ដដែល ដោយមិនមែនជា«ការទិញយក ឬកាត់ទឹកដី»ដូចដែលលោក ត្រាំ ធ្លាប់បានទាមទារនោះទេ។

លោកស្រី Mette Frederiksen
លោកស្រី Mette Frederiksen

ការប្រកាសជោគជ័យផ្នែកការទូតនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាម៉េរិក នាខែវិច្ឆិកា ដែលផ្តល់ឱ្យលោក ត្រាំ នូវផលសម្រេចនយោបាយការបរទេសដ៏សំខាន់មួយ ដើម្បីទាញយកប្រជាប្រិយភាពពីម្ចាស់ឆ្នោត។ តំបន់អាក់ទិក និងកោះហ្គ្រីនលែន ដែលសម្បូរទៅដោយរ៉ែកម្រ និងស្ថិតនៅចន្លោះសហរដ្ឋអាម៉េរិក និងរុស្ស៊ី កំពុងក្លាយជាសមរភូមិ[ភូមិសាស្ត្រនយោបាយ]យ៉ាងស្រួចស្រាវ ស្របពេលដែលផ្ទាំងទឹកកកប៉ូលខាងជើងបន្តរលាយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត