តៃវ៉ាន់ព្រមានថា ចិននឹងលេបយកដែនទឹកបន្តិចម្ដងៗ បើពិភពលោកមិនចេញមុខទប់ស្កាត់
N
Nary Vann
8 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ក្រុមមន្ត្រីសន្តិសុខជាន់ខ្ពស់របស់តៃវ៉ាន់ បានចេញមុខព្រមានចំៗថា មហិច្ឆតាវាតទីនិយមផ្តាច់ការរបស់ចិននៅលើដែនទឹកក្នុងតំបន់ នឹងបន្តរីកធំឡើងមិនឈប់ឡើយ ប្រសិនបើសហគមន៍អន្តរជាតិនៅតែបន្តរក្សាភាពស្ងៀមស្ងាត់ និងមិនព្រមចេញមុខទប់ស្កាត់។ យុទ្ធសាស្ត្ររបស់រដ្ឋធានីប៉េកាំង ត្រូវបានគេមើលឃើញថាជាការសង្គ្រប់លេបយកដែនទឹកបន្តិចម្ដងៗរហូតទាល់តែបានសម្រេច។

នៅក្នុងវេទិកាអន្តរជាតិមួយ លោក លី វិន (Lii Wen) អនុលេខាធិការទូទៅនៃក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់ បានលាតត្រដាងថា ចិនបានប្រើប្រាស់កម្លាំងចម្រុះ រួមមាន កងទ័ពជើងទឹក, ឆ្មាំសមុទ្ទ, នាវាស្រាវជ្រាវ និងកងជីវពលសមុទ្ទ ដើម្បីបុកសម្រុកចូលដែនទឹកមានជម្លោះក្នុងសមុទ្ទចិនខាងកើត ច្រកសមុទ្ទតៃវ៉ាន់ និងសមុទ្ទចិនខាងត្បូង ក្នុងបំណងប្រែក្លាយផ្លូវទឹកអន្តរជាតិឱ្យទៅជា «ដែនទឹកផ្ទៃក្នុង» របស់ចិន។ ស្របពេលជាមួយគ្នា រដ្ឋមន្ត្រីក្រសួងកិច្ចការមហាសមុទ្ទតៃវ៉ាន់ លោកស្រី គួន ប៊ីលីង (Kuan Bi-ling) ក៏បានគូសបញ្ជាក់ដែរថា តៃវ៉ាន់ ជប៉ុន និងហ្វីលីពីន សុទ្ធតែជួបវិបត្តិរងគ្រោះពីល្បិចដដែលៗរបស់ចិន ដែលព្យាយាមបង្កជម្លោះក្នុងកម្រិតមួយមិនឱ្យផ្ទុះទៅជាសង្រ្គាមពេញទំហឹង ប៉ុន្តែសកម្មភាពដដែលៗនេះនឹងបង្កើតទៅជារឿងធម្មតា ប្រសិនបើគ្មានអ្នកណាហ៊ានតតាំង។

ការព្រមានដ៏ក្ដៅគគុកនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងតានតឹងរវាងនាវាឆ្មាំសមុទ្ទជប៉ុន និងចិន នៅក្បែរកោះជម្លោះសេនកាគូ (Senkaku) ឬចិនហៅថាដៅយូ (Diaoyu) ដែលភាគីទាំងសងខាងសុទ្ធតែអះអាងថា បានដេញនាវារបស់គូកនចេញពីដែនទឹករបស់ខ្លួន។ លើសពីនេះ ចិនថែមទាំងបានចាប់ផ្តើមបើកការល្បាតនៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់ជាលើកដំបូងកាលពីខែមិថុនា ដើម្បីឆ្លើយតបនឹងការចរចាព្រំដែនរវាងជប៉ុន និងហ្វីលីពីន ដែលចិនចាត់ទុកថាខុសច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត