
រដ្ឋធានីវែលីងតោន៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសនូវែលហ្សេឡង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ទី១២មីនានេះថា ខ្លួននឹងលុបចោលជើងហោះហើរចំនួន១១០០ ក្នុងរយៈពេល២ខែខាងមុខ ដោយសារផលប៉ះពាល់នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក...។

លោក នីគីល រ៉ាវីសានការ (Nikhil Ravishankar) នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានលើកឡើងថា ជើងហោះហើរប្រហែល ៥ភាគរយ នឹងត្រូវលុបចោល ប៉ះពាល់ដល់អ្នកដំណើរប្រមាណ៤៤០០០នាក់។ លោកបន្តថា ជើងហោះហើរដែលត្រូវលុបចោល ភាគច្រើនជាជើងហោះហើរក្នុងស្រុក ប៉ុន្តែក៏មានរួមបញ្ចូលនូវជើងហោះហើរអន្តរជាតិមួយចំនួនផងដែរ។ ទោះជាយ៉ាងណា ជើងហោះហើររវាងប្រទេសនូវែលហ្សេឡង់ និងសហរដ្ឋអាម៉េរិក នឹងមិនរងផលប៉ះពាល់នោះទេ។ លោក រ៉ាវីសានការ បញ្ជាក់ថា៖«ដោយសារតែការប្រែប្រួលមិនធ្លាប់មាននៃតម្លៃប្រេងយន្តហោះ បណ្ដាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ក្រុមហ៊ុនអាកាសចរណ៍ជុំវិញពិភពលោកកំពុងកែសម្រួលតម្លៃសំបុត្រ និងកាលវិភាគហោះហើររបស់ពួកគេ ដើម្បីជួយគ្រប់គ្រងផលប៉ះពាល់នៃថ្លៃដើម ដែលបានកើនឡើងយ៉ាងខ្លាំងសម្បើមនេះ»។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានសង្កត់ធ្ងន់ថា ជាធម្មតាប្រេងយន្តហោះមានតម្លៃប្រហែល៨៥ដុល្លារក្នុងមួយបារ៉ែល ប៉ុន្តែបច្ចុប្បន្នតម្លៃបានហក់ឡើងទ្វេដង។ ការលុបចោលជើងហោះហើរនេះ នឹងជួយរក្សាតម្លៃសំបុត្រឱ្យនៅសមរម្យតាមដែលអាចធ្វើទៅបាន និងធានាថា មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ប្រេង។ កាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុន Air New Zealand ក៏បានដំឡើងតម្លៃសំបុត្រយន្តហោះលើគ្រប់ជើងហោះហើរទាំងអស់រួចហើយដែរ។ គួររំឭកថា តម្លៃប្រេងក្នុងសប្តាហ៍នេះបានហក់ឡើងខ្ពស់ជាង១០០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកជញ្ជូន ដោយបានធ្វើឱ្យច្រកសមុទ្ទហ័រមូស្សត្រូវបិទជិត៕



