ចិនបញ្ជូននាគរាជទៅលេងទឹកនៅច្រកសមុទ្ទតៃវ៉ាន់ រង្គើរប្រជុំកោះជប៉ុន រញ្ជួយដល់ស្តេចឥន្ទ្រីអាម៉េរិក
ហៀប ស៊ីថេត
2 ម៉ោងមុន

ក្រុងតៃប៉ិ៖ ស្ថានការណ៍នៅច្រកសមុទ្ទតៃវ៉ាន់ ហាក់កំពុងមានរលកបោកបក់គ្រាំៗ និងជះពន្លឺកម្ដៅពណ៌ក្រហមច្រាលមកលើដែនកោះ បន្ទាប់ពីមហាយក្សចិនបញ្ជូននាវាផ្ទុកយន្តហោះដ៏មានឥទ្ធិពលរបស់ខ្លួន គឺ លាវនីង (Liaoning) ដែលមានរហ័សនាម «នាគរាជជ្រែកមហាសាគរ» បើកកាត់ផ្លូវទឹកដ៏រសើបបំផុតក្នុងលោក នោះគឺ«ច្រកសមុទ្ទតៃវ៉ាន់»។ នេះស្តែងឱ្យឃើញថា រដ្ឋធានីប៉េកាំង កំពុងផ្ញើសារព្រមានយ៉ាងមុតស្រួចទៅកាន់ទីក្រុងតៃប៉ិ និងក្រុមសម្ព័ន្ធមិត្ត ដូចជា៖ ស្តេចឥន្ទ្រីអាម៉េរិក និងកំពូលអ្នកលេងដាវវែងសម័យសង្គ្រាមលោក សាម៉ូរៃជប៉ុន កុំចង់សាកល្បងជាមួយពូជអធិរាជចម្បាំង...។

ក្រសួងការពារជាតិកូនកោះតៃវ៉ាន់ បានចេញប្រកាសអាសន្ន កាលពីថ្ងៃចន្ទទី២០ ខែមេសាថា នាវាផ្ទុកយន្តហោះលាវនីង ដែលពោរពេញទៅដោយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រត្រៀមលក្ខណៈប្រយុទ្ធ បានបើកឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់យ៉ាងរំភើយ។ នេះជាលើកដំបូងបំផុតក្នុងរយៈពេលជិតកន្លះឆ្នាំ ដែលចិនប្រើប្រាស់នាគរាជជ្រែកមហាសាគរមួយក្បាលទៅដាក់សម្ពាធលើកូនកោះប្រជាធិបតេយ្យ ដែលចង់វេចសម្ពាយដើរចោលម្តាយបង្កើត ខណៈរដ្ឋធានីប៉េកាំងចាត់ទុក«មេដឹកនាំកោះមួយនេះ»ជាកូនទំនើងពិបាកស្តីប្រដៅ។ វត្តមានរបស់នាគរាជលាវនីងនៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ។ មិនចៃដន្យក៏នៅត្រង់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ចិនបានខឹងសម្បារស្ទើរដាច់ក្បាលដាច់កន្ទុយ ដោយបានរិះគន់ជប៉ុនចំៗថា បានបង្កហេតុដោយចេតនា ក្រោយនាវាចម្បាំងជប៉ុនបើកកាត់ច្រកសមុទ្ទនេះ។ ដូច្នេះ ជុំវិញការបញ្ជូននាវាផ្ទុកយន្តហោះដ៏ធំមហិមាក្នុងតំបន់នេះ ចិនចង់ប្រាប់អ្នកលេងដាវវែងសាម៉ូរៃជប៉ុន និងផ្តាំទៅស្តេចឥន្ទ្រីអាម៉េរិក ថា កុំចង់សាកល្បងសមត្ថភាពយោធាចិន សម័យបច្ចុប្បន្នឱ្យសោះ ព្រោះចិនពេលនេះ មិនមែនចិនក្នុងសម័យសង្គ្រាមលោកលើកទី២ឡើយ។

ទោះបីលាវនីង ជានាវាផ្ទុកយន្តហោះចំណាស់ជាងគេក្នុងចំណោមនាវាផ្ទុកយន្តហោះទាំង៣របស់ចិនក៏ដោយ ប៉ុន្តែវត្តមានរបស់វា បានធ្វើឱ្យកងទ័ពតៃវ៉ាន់មិនហ៊ានបិទភ្នែកដេកឡើយ ដោយត្រូវតាមដាន២៤ម៉ោងលើ២៤ម៉ោង។ សូមជម្រាបថា នាគរាជចិនតែងតែអះអាងថា ទាំងច្រកសមុទ្ទ និងដែនដីកោះតៃវ៉ាន់ គឺជាដែនទឹកអធិបតេយ្យភាពរបស់ចិន មិនអាចរំលោភបំពានបាន ប៉ុន្តែសហរដ្ឋអាម៉េរិក និងប្រទេសជប៉ុន ចាត់ទុក ច្រកសមុទ្ទនេះ ជាដែនទឹកអន្តរជាតិ។ សំណួរសួរថា បើសហរដ្ឋអាម៉េរិកចាត់ទុកច្រកសមុទ្ទតៃវ៉ាន់ជាដែនទឹកអន្តរជាតិ តើសហរដ្ឋអាម៉េរិកហ៊ានបញ្ជូននាវាផ្ទុកយន្តហោះរបស់ខ្លួន ទៅកំញើញចិនវិញដែរឬទេ..? សូមរំឭកបន្តិចថា ថ្មីៗនេះ រូបភាពផ្កាយរណបថ្មីក៏បានបង្ហាញផងដែរ ចិនបានដំឡើងរបាំងបណ្ដែតទឹក និងដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿងបិទច្រកចូលតំបន់តំបន់ថ្មប៉ប្រះទឹក ស្កាបូរ៉ូសូល (Scarborough Shoal) ដើម្បីរារាំងអ្នកនេសាទហ្វីលីពីន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត