
រាជធានីបាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញការព្រមាន នៅទូទាំងប្រទេស អំពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចភ្លាមៗ ដោយគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់មួយចំនួន នាភាគខាងកើត និងមានភ្លៀងធ្លាក់ខ្លាំង លាយឡំជាមួយព្យុះ ផ្គរ រន្ទះ គ្របដណ្តប់លើផ្ទៃដី៨០ភាគរយ នៃទីក្រុងបាងកក និងតំបន់ជុំវិញ។ នេះបើតាមសារព័ត៌មាន The Pattaya News បានផ្សាយ នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦។

នាយកដ្ឋានឧតុនិយម បានបញ្ជាក់ថា ប្រទេសថៃ នឹងមានភ្លៀងធ្លាក់ខ្លាំង នៅស្ទើរគ្រប់តំបន់ទាំងអស់។ ភ្លៀងធ្លាក់ខ្លាំង អាចនឹងកើតឡើង នៅផ្នែកមួយចំនួន នៃតំបន់ភាគខាងកើត។ ចំពោះតំបន់ភាគកណ្តាល រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញ ត្រូវបានព្យាករថា នឹងមានភ្លៀងធ្លាក់ លាយឡំជាមួយផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៨០ភាគរយ ព្រមទាំងមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់មួយចំនួនផងដែរ។

តំបន់ភាគកណ្ដាល អាចមានភ្លៀងព្យុះ ផ្គរ រន្ទះ គ្របដណ្ដប់លើផ្ទៃដី៨០ភាគរយ ខណៈតំបន់ភាគឧត្ដរ និងឦសាន ក៏ត្រូវរំពឹងថា មានផ្គរ រន្ទះ ចន្លោះពី៦០ទៅ៧០ភាគរយ ជាមួយនឹងការធ្លាក់ភ្លៀងខ្លាំង នៅតាមខេត្តផ្សេងៗទៀត។

ស្របគ្នានេះដែរ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អ្នករស់នៅក្នុងតំបន់ភាគជើង តំបន់ភ្នំក្បែរផ្លូវទឹក និងតំបន់វាលទំនាប ឱ្យប្រុងប្រយ័ត្ន ចំពោះទឹកជំនន់ជន់លិចភ្លាមៗ ទឹកហូរធ្លាក់ពីលើភ្នំ និងការរអិលបាក់ដី បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងជាប់ៗគ្នា។ ប្រជាពលរដ្ឋត្រូវបានគេណែនាំឱ្យចៀសវាងផ្លូវ ដែលតែងតែលិចទឹក ដោយសារអាចមានការលិចលង់ជាបណ្តោះអាសន្ន នៅតាមតំបន់វាលទំនាប។ រីឯទូកតូចៗ នៅក្នុងសមុទ្រ Andaman ក៏ត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារតែរលកសមុទ្រ មានកម្ពស់ ចន្លោះពី ១ ទៅ ២ ម៉ែត្រ និងអាចខ្ពស់ជាង២ម៉ែត្រ ខណៈមានព្យុះ ផ្គរ រន្ទះ៕


