អ៊ីរ៉ង់ ព្រមានសហរដ្ឋអាម៉េរិក ប្រឆាំងនឹងការបន្ដផែនការវាយប្រហារជាថ្មី
S
Sinuon Nop
15 ម៉ោងមុន

រដ្ឋធានីតេហ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានព្រមានថា រាល់សកម្មភាពរបស់សហរដ្ឋអាម៉េរិក នៅក្នុងការចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ នឹងបង្កឱ្យមានការវាយប្រហារជាបន្តបន្ទាប់ ទៅលើមូលដ្ឋានយោធា និងផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២១ ខែកញ្ញា។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ​
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ​

កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលទីក្រុងតេហ៊ីរ៉ង់ បានទទួលព័ត៌មានមកថា សហរដ្ឋអាម៉េរិក កំពុងតែត្រៀមខ្លួន ដើម្បីចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធឡើងវិញ។ រាល់សកម្មភាពវាយប្រហារណាមួយរបស់សហរដ្ឋអាម៉េរិក នឹងនាំឲ្យមានការឆ្លើយតបដ៏ខ្លាំងក្លាពីអ៊ីរ៉ង់ ហើយវានឹងធ្វើឲ្យខូចខាតដល់ផលប្រយោជន៍អាម៉េរិក និងមូលដ្ឋានយោធារបស់អាម៉េរិក។

ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមម៉េដ បាហ្គើរ ហ្កាលីបាហ្វ
ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមម៉េដ បាហ្គើរ ហ្កាលីបាហ្វ

ការព្រមានរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានកើតឡើង ក្រោយពេលប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមម៉េដ បាហ្គើរ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ទីក្រុងតេហ៊ីរ៉ង់ បានបញ្ជូនលក្ខខណ្ឌរបស់ខ្លួន សម្រាប់ការបើកច្រកសមុទ្រហ័ររមូស (Hormuz) ឡើងវិញ ទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល។

បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ IRNA បានឲ្យដឹង ថា លោក Ghalibaf បានថ្លែងថា៖ «លុះត្រាតែលក្ខខណ្ឌទាំងនេះ ត្រូវបានបំពេញ សិទ្ធិស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់ ត្រូវបានទទួលស្គាល់ និងការប្តេជ្ញាចិត្តរបស់អាម៉េរិក ត្រូវបានអនុវត្ត ទើបអាចមានលទ្ធភាពវិលត្រឡប់ទៅរកស្ថានភាព នៃការចរចាពីមុន ឬបើកច្រកសមុទ្រហ័រមូសឡើងវិញបាន»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត