ហេតុអ្វីបានជា«ប្រាសាទតុបខាងលិច ឬប្រាសាទលេខ៤៨៦» មិនសាងសង់បញ្ចប់ក្នុងរជ្ជកាលតែមួយ?
S
Sreyleak Yith
18 ម៉ោងមុន

ក្រុងសៀមរាប៖ ប្រាសាទតុបខាងលិច ស្ថិតនៅចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ ក្នុងខេត្តសៀមរាប ហើយត្រូវបានចុះបញ្ជីសារពើភណ្ឌស្ថាបត្យកម្មបុរាណ ដោយសាលាបារាំងចុងបូព៌ា (EFEO) ក្រោមលេខ ៤៨៦។ ប្រាសាទតុបខាងលិចនេះ មិនបានសាងសង់បញ្ចប់ក្នុងរជ្ជកាលតែមួយទេ ពោលគឺមាន២ដំណាក់កាល ឬ២រជ្ជកាល។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមភស្តុតាងសិលាចារឹក K.៥៧៦ នៅជ្រុងអាគ្នេយ៍នៃខឿនប្រាសាទខាងជើង ចារជាភាសាសំស្ក្រឹត និងភាសាខ្មែរបុរាណ ដំណាក់កាលទី១គឺពីចុងសតវត្សរ៍ទី៩ ដល់សតវត្សរ៍ទី១០ នៅចន្លោះឆ្នាំ៨៨៩ ដល់៩០៨ នៅក្នុងរជ្ជកាលព្រះបាទយសោវម៌ទី១។ ដើមឡើយ ប្រាសាទនេះ ជាតួប្រាសាទទោល គ្រឿងលម្អស្ថាបត្យកម្មមួយចំនួននៅតួកណ្តាលដូចជា សសរពេជ្រ និងផ្តែរទ្វារ ធ្វើអំពីថ្មភក់ពណ៌ផ្កាឈូកសាច់រឹង ដែលមានលក្ខណៈបច្ចេកទេស និងរចនាបថស្រដៀងគ្នានិងសិល្បៈប្រាសាទបន្ទាយស្រី។ ចំណែកដំណាក់កាលទី២ ពីសតវត្សរ៍ទី១៣ ដល់សតវត្សរ៍ទី១៩ ជាសម័យកែប្រែពីសំណង់ប្រាសាទព្រហ្មញ្ញសាសនា​ មកព្រះពុទ្ធសាសនា។ ក្នុងនោះ មានការកសាងតួប្រាសាទ និងសង់ខឿនថ្មភក់បន្ថែម ព្រមទាំងសាងសង់កូនប្រាសាទអមសងខាង ចំនួនពីរទៀត ធ្វើឱ្យរចនាសម្ព័ន្ធប្រាសាទប្រែជាមានតួក្តីចំនួនបី តម្រៀបគ្នានៅលើខឿនរួមតែមួយ។ ចំពោះផ្តែរ និងសសរពេជ្រ នៅក្តីកណ្តាល បានយកមកពីទីតាំងផ្សេងដោយកាត់តម្រឹមទំហំ ឱ្យត្រូវនឹងទ្វារប្រាសាទនេះ។

ចំពោះទ្វារបញ្ឆោតនៃក្តីអមសងខាង គ្មានការបំពាក់សសរពេជ្រ ឬផ្តែរដូចប្រាសាទបុរាណទូទៅទេ មានតែបំពាក់ចម្លាក់ជារូបព្រះពុទ្ធទ្រង់ឈរជំនួសវិញ។ ផ្អែកលើចម្លាក់ព្រះពុទ្ធដែលមានកេសចតុរង្គ ស្រួចវែងដូចអណ្តាតភ្លើងនេះ អាចសន្និដ្ឋានបានថា ប្រាសាទនេះ ត្រូវបានកែប្រែជាទីសក្ការបូជាព្រះពុទ្ធសាសនា និងបន្តមានសកម្មភាព រហូតដល់សតវត្សរ៍ទី១៩។ នៅខាងកើតមុខក្តីកណ្តាលមានខឿនលើកខ្ពស់ ដែលភ្ជាប់ដោយជណ្តើរឡើងពីទិសខាងកើត។ នៅផ្នែកខាងលិចនៃខឿននេះ មានបល្ល័ង្កព្រះធំមួយ និងសំណល់ក្បឿងរាយប៉ាយ ដែលជាភស្តុតាងបង្ហាញថា ទីនេះធ្លាប់ជា ឧបោសថាគារនៃព្រះពុទ្ធសាសនាថេរវាទ ដែលសង់អំពីឈើប្រកក្បឿង។ នៅជុំវិញបរិវេណប្រាសាទ មានខឿនថ្មបាយក្រៀមទាប និងមានរៀបចំសីមាទិសទាំង៨ព័ទ្ធជុំវិញ។

អាជ្ញាធរជាតិអប្សរាបន្ថែមថា ប្រវត្តិការស្រាវជ្រាវ និងការអភិរក្សវិញ ឃើញមានសកម្មភាពបន្តបន្ទាប់ក្នុងរយៈពេល១០០ឆ្នាំ កន្លងទៅ រួមមាន៖ ឆ្នាំ១៩២៤–១៩២៥ លោក Henri Marchal (ហេនរី ម៉ាឆែល) នៅមន្ទីរអភិរក្សអង្គរ បានសិក្សាពីស្ថាបត្យកម្មប្រាសាទលេខ៤៨៦ នេះយ៉ាងលម្អិត និងបានរកឃើញសិលាចារឹក K.៥៧៦។ ចំណែកនៅចន្លោះឆ្នាំ ១៩៥៤–១៩៦២ លោក Bernard Philippe Groslier (បឺណាដ ហ្វីលីប ហ្ក្រូសល្យេ) ក៏បានធ្វើកំណាយស្រាវជ្រាវ និងប្រមូលវត្ថុសិល្បៈសំខាន់ៗជាច្រើនដូចជា ចម្លាក់គោលសីមា បដិមាទោល ព្រះកេស និងបំណែកស្ថាបត្យកម្ម យកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរ។ដោយទ្បែក ក្រោយសម័យខ្មែរក្រហម ឆ្នាំ១៩៨០–១៩៩០ មន្ត្រីជំនាញនៃអភិរក្សដ្ឋានអង្គរ បានបន្តប្រមូល និងចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈបន្ថែមមានដូចជា ផ្តែរទ្វារ ចម្លាក់តោ ក្បាលនាគ កញ្ចែង កំពូលប្រាសាទ សសរពេជ្រ និងហោជាង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត