រថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវនៅបាត់ដំបង ធ្លាយហូរពេញប្រឡាយ ខណៈពលរដ្ឋប្រជែងគ្នាទៅដងប្រេងប្រឈមគ្រោះថ្នាក់បំផុត
Chanmarady Chuon
5 ម៉ោងមុន

ក្រុងបាត់ដំបង៖ គ្រោះថ្នាក់រថភ្លើងដឹកជញ្ជូនប្រេងសាំង និងម៉ាស៊ូត បានជួបឧប្បតិហេតុធ្លាក់ចេញពីផ្លូវដែក បណ្ដាលឱ្យក្រឡាប់ផ្ងាពោះខ្ជាក់ប្រេងចេញជាច្រើនទូរ បង្កឱ្យប្រេងរាប់ពាន់លីត្រហៀរហូរចូលប្រឡាយ និងដីក្បែរនោះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ហេតុការណ៍រថភ្លើងក្រឡាប់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ១២:៣៧នាទីថ្ងៃត្រង់ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅលើខ្សែរថភ្លើងភាគខាងជើង ចំណុចគីឡូម៉ែត្រលេខ២៧៧ ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង…។

ប្រភពព័ត៌មានបានឱ្យដឹងថា រថភ្លើងមួយខ្សែនេះ កំពុងដឹកជញ្ជូនប្រេងចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ទិសដៅទៅកាន់ស្ថានីយតេលាបឹងព្រីង ខេត្តបាត់ដំបង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែជួបគ្រោះថ្នាក់ធ្លាក់ផ្លូវ និងក្រឡាប់ទូរប្រេងរហូតដល់៤ទូរ (ទូរប្រេងម៉ាស៊ូត៣ទូរ និងទូរសាំង១ទូរ)។ ការក្រឡាប់ធ្លាក់ផ្លូវ បានបណ្ដាលឱ្យប្រេងឥន្ធនៈហៀរហូរចេញមកខាងក្រៅយ៉ាងសន្ធឹកសន្ធាប់ ជ្រាបចូលទៅក្នុងដី និងប្រឡាយទឹកជុំវិញនោះ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងអ្នកភូមិរស់នៅជុំវិញនោះ។ អ្វីដែលគួរឱ្យព្រួយបារម្ភ គឺប្រជាពលរដ្ឋមួយចំនួន បានព្យាយាមសម្រុកចូលទៅកាន់តំបន់កើតហេតុ ដើម្បីដងយកប្រេងដែលកំពុងហៀរចូលទៅក្នុងប្រឡយទឹកក្បែរនោះ ដែលជាសកម្មភាពប្រឈមមុខនឹងគ្រោះអគ្គិភ័យ ឬការផ្ទុះឆេះជាយថាហេតុ។

ភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអគ្គិភ័យ អាជ្ញាធរក្រុង និងកងកម្លាំងអន្តរាគមន៍ពាក់ព័ន្ធ បានចុះទៅដល់ទីតាំងកើតហេតុយ៉ាងប្រញាប់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកបង្ការ និងដាក់បារ៉ាសទប់ស្កាត់ ឃាត់ប្រជាពលរដ្ឋមិនឱ្យចូលទៅជិតតំបន់គ្រោះថ្នាក់នោះឡើយ។ គិតមកទល់ពេលនេះ ស្ថានភាពនៅកន្លែងកើតហេតុត្រូវបានគ្រប់គ្រង និងមានប្រក្រតីភាពឡើងវិញហើយ ដោយសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។ យ៉ាងណាមិញ សមត្ថកិច្ច និងអាជ្ញាធរដែនដី កំពុងបន្តដាក់កម្លាំងប្រចាំការនៅទីនោះ ដើម្បីការពារសុវត្ថិភាព និងទប់ស្កាត់ពលរដ្ឋដែលនៅតែព្យាយាមលួចចូលទៅដងប្រេង ព្រមទាំងបន្តនីតិវិធីដោះស្រាយផលប៉ះពាល់ពីគ្រោះថ្នាក់រថភ្លើងក្រឡាប់នេះបន្តទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត