ក្រោយការជួសជុលដ៏លំបាកអស់ពេលជាង២០ឆ្នាំ ប្រាសាទតុបខាងលិចកំពុងបង្អួតសម្រស់មិនធ្លាប់ឃើញពីមុន
វុធ ច័ន្ទតារា
03 កក្កដា 2024 02:08 PM

សៀមរាប៖ ក្រោយចំណាយពេលជួសជុលអស់រយៈពេលជាង២ទសវត្សរ៍ ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាពរបស់ខ្លួន ជាអ្វីដែលគេមិនធ្លាប់ឃើញពីមុនមក ដោយសារប្រាសាទនេះដើមឡើយ មានការខូចខាតស្ទើរទាំងស្រុង។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា...។ 

ដោយសារ អាយុកាល កត្តាធម្មជាតិ និងការកង្វះការថែទាំរយៈពេលយូរ បានធ្វើឱ្យប្រាសាទនេះរងការខូចខាតស្ទើរតែទាំងស្រុង។ គិតមកទល់នឹងពេលនេះ ក្រោយចំណាយពេលជួសជុលអស់ជាច្រើនឆ្នាំ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន ប្រាសាទតុបលិច បានឈររឹងមាំឡើងវិញ បង្ហាញនូវសោភ័ណភាព សម្រាប់ជាទីគោរពបូជា និងទស្សនាស្វែងយល់ពីស្ថាបត្យកម្ម និងក្បាច់ចម្លាក់ផ្សេងៗ។ បើតាមអាជ្ញាធរអប្សរា ប្រាសាទនេះមានទំហំតូចក៏ពិតមែន តែវាមានភាពស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍ទាំងប្រាសាទ និងធម្មជាតិជុំវិញ ដែលទេសចរមិនត្រូវរំលង។  

ប្រាសាទតុបខាងលិច ក្រោយជួសជុលរួចទាំងស្រុង រូបភាព៖ អាជ្ញាធរអប្សរា
ប្រាសាទតុបខាងលិច ក្រោយជួសជុលរួចទាំងស្រុង រូបភាព៖ អាជ្ញាធរអប្សរា

គួររំឭកថា វិទ្យាស្ថាន ណារ៉ា របស់ប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមគម្រោងអភិរក្សជួសជុលប្រាសាទតុបពីឆ្នាំ២០១១មក។ ជំហានដំបូង នៅពេលនោះ គឺក្រុមការងារបានជួសជុលប្រាង្គខាងត្បូងរួចរាល់ ហើយបន្តជួសជុលប្រាង្គខាងជើង និងជួសជុលប្រាង្គកណ្តាលនៃប្រាសាទ។ ក្រោយមកទៀតរហូតដល់ឆ្នាំ២០២២ ក្រុមការងារបានជំរុញជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ជាប្រាង្គដែលទទួលរងការខូចខាតធ្ងន់ធ្ងរជាងគេ ដោយការដួលរលំស្ទើរតែទាំងស្រុង។ 

ប្រាសាទតុបខាងលិច មុនពេលជួសជុល 
ប្រាសាទតុបខាងលិច មុនពេលជួសជុល 

សូមបញ្ជាក់ថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន ចន្លោះប្រាសាទបាយ័ន និងខ្លោងទ្វារតាកាវ។ បើធ្វើដំណើរចេញពីប្រាសាទបាយ័នស្ថិតនៅខាងឆ្វេងដៃមានចម្ងាយ៧០០ម៉ែត្រ និងពីខ្លោងទ្វារតាកាវខាងស្តាំដៃ មានចម្ងាយ៨០០ម៉ែត្រ។ ប្រាសាទតុបខាងលិច កសាងឡើងក្នុងរវាងសតវត្សរ៍ទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា។ ចាប់ពីសតវត្សរ៍ទី១៣ដល់ទី១៧ ប្រាសាទនេះ ត្រូវបានកែបន្ថែមខ្លះៗ ដែលគេឃើញដល់សព្វថ្ងៃដូចជា ការកសាងប្រាង្គពីរអមសងខាង ព្រមទាំងខឿនថ្មមួយខាងមុខប្រាសាទបន្ថែមទៀត ឱ្យក្លាយជាទីសក្ការរបស់ព្រះពុទ្ធសាសនាថេរវាទជាដើម

ខឿនដើមរបស់វា សង់ពីថ្មបាយក្រៀម ត្រូវបានរៀបថ្មភក់មួយជាន់ពីលើ។ តួប៉មកណ្តាលក៏កែកុនឡើងវិញដែរ ដោយរក្សាទុកនូវផ្នែកចម្លាក់លម្អផ្សេងៗ ដូចជា ផែ្តរ និងសសរធ្វើពីថ្មភក់ពណ៌ផ្កាឈូក ព្រមទាំងសង់បន្ថែមតួប៉មចំនួនពីរនៅសងខាងបន្ថែមទៀត។ តួប៉មទាំងអស់នោះសុទ្ធតែមានចម្លាក់រូបព្រះពុទ្ធសាសនា ដោយហេតុថា​ តាំងពីសម័យកណ្តាលមក ប្រាសាទនេះ បានប្រែក្លាយជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ នៅសម័យកណ្តាល សាងខឿនទ្រវែងមួយ តពីខឿនចាស់មកខាងកើត។ នៅចុងខាងលិចនៃខឿនលយថ្មីនេះ គេឃើញសំណល់បល្ល័ង្កព្រះធំមួយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត