
រដ្ឋធានីសេអ៊ូល៖ របបដឹកនាំកូរ៉េខាងជើង បានប្រកាសទាំងមោទនភាពថា ខ្លួនបានបើកប្រតិបត្តិការសមយុទ្ធបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំរយៈឆ្ងាយ គ្រាប់រ៉ុក្កែត និងមីស៊ីលយ៉ាងសន្ធាប់។ នេះបើយោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។

ការបាញ់ផ្លោងអាវុធដ៏គំរាមកំហែងនេះ ត្រូវបានបញ្ជាក់ដោយយោធាកូរ៉េខាងត្បូងថា ជាការបាញ់ប្រហារមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ចេញពីតំបន់វ៉ូសាន (Wonsan) តម្រង់ទៅកាន់សមុទ្ទខាងកើត (សមុទ្ទជប៉ុន)។ សកម្មភាពតានតឹងនេះ បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន បានបិទបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នារយៈពេល៥ថ្ងៃ ដែលធ្វើឱ្យរដ្ឋធានីព្យុងយ៉ាង ក្ដៅក្រហាយយ៉ាងខ្លាំង។

សព្វាវុធធុនធ្ងន់ និងបច្ចេកវិទ្យាសឹកដ៏សាហាវទាំងនោះ រួមមាន៖ ដ្រូនប្រយុទ្ធធុនធ្ងន់ជាច្រើនប្រភេទ, មីស៊ីលតម្រង់ទិស, ប្រព័ន្ធបាញ់រ៉ុក្កែតពហុកាណុង, និងមីស៊ីលបាលីស្ទីករយៈចម្ងាយខ្លី និងមធ្យម។ ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA បានសង្កត់ធ្ងន់ដោយពាក្យសម្តីធ្ងន់ៗថា ការបាញ់ប្រហារនេះ បានបង្ហាញពីអានុភាពបំផ្លិចបំផ្លាញដ៏អស្ចារ្យ ដោយបានកម្ទេចចំគោលដៅ១០០ភាគរយ គ្មានចន្លោះឡើយ។ សកម្មភាពនេះ គឺជាការផ្ញើសារព្រមានយ៉ាងក្ដៅគគុក ទៅនឹងសម្ព័ន្ធមិត្តអាម៉េរិក ជាពិសេសគឺរដ្ឋធានីសេអ៊ូល និងរាជធានីតូក្យូ៕




