កូរ៉េខាងជើង បា.ញ់មីស៊ីលបាលីស្ទីកជាច្រើនគ្រា.ប់ បង្អើលគេឯងទាំងព្រឹកព្រលឹម
ហៀប ស៊ីថេត
20 ម៉ោងមុន

រដ្ឋធានីសេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះគ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីតំបន់ វ៉ុនសាន (Wonsan) តម្រង់ទៅកាន់សមុទ្ទខាងកើតរបស់ខ្លួន នៅថ្ងៃសៅរ៍ទី១២ ខែកញ្ញា។ នេះបើយោងតាមការបញ្ជាក់ពីអគ្គបញ្ជាការដ្ឋានកងទ័ពរួមរបស់កូរ៉េខាងត្បូង (JCS)។

គ្រាប់មីស៊ីលទាំងនោះ ត្រូវបានបាញ់ចេញនៅវេលាម៉ោងប្រមាណ៥:២០នាទីព្រឹក ហើយបានហោះក្នុងចម្ងាយប្រហែល២៥០គីឡូម៉ែត្រ។ អាជ្ញាធរកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក កំពុងធ្វើការវិភាគយ៉ាងលម្អិតលើលក្ខណៈបច្ចេកទេសនៃអាវុធទាំងនោះ អគ្គបញ្ជាការដ្ឋានកងទ័ពរួមរបស់កូរ៉េខាងត្បូង បានថ្លែងថា៖«កងទ័ពកូរ៉េខាងត្បូងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពរបស់កូរ៉េខាងជើង រួមទាំងភាពរួចរាល់ក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការខឹងសម្បា ឬការតតាំងណាមួយ ក្រោមការត្រៀមលក្ខណៈការពាររួមគ្នាជាមួយសហរដ្ឋអាម៉េរិក»។

ការិយាល័យសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំសន្តិសុខបន្ទាន់ភ្លាមៗជាមួយក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃពីផលប៉ះពាល់ និងអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការមីស៊ីល ដែលជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិក បានបញ្ជាក់ថា ការបាញ់នេះមិនបានបង្កការគំរាមកំហែងផ្ទាល់ដល់កងទ័ពជើងគោក ឬសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ប៉ុន្តែអាម៉េរិកនៅតែបន្តប្តេជ្ញាចិត្តការពារដែនដី និងសម្ព័ន្ធមិត្តក្នុងតំបន់។

ការបាញ់មីស៊ីលនេះកើតឡើង បន្ទាប់ពីកូរ៉េខាងជើងបានរះគន់ការធ្វើសមយុទ្ធយោធារួមគ្នា «Freedom Edge» រវាងអាម៉េរិក និងកូរ៉េខាងត្បូងថា ជាការគំរាមកំហែងដល់ខ្លួន។ កាលពីថ្ងៃទី២០ ខែសីហា កូរ៉េខាងជើងក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ផងដែរ បើទោះបីជាប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) នៅក្នុងឆ្នាំនេះក៏ដោយ។ សូមជម្រាបថា ថ្មីៗនេះ លោក ត្រាំ បានបញ្ជាឱ្យកាត់បន្ថយទ្រង់ទ្រាយនៃការធ្វើសមយុទ្ធ «Ulchi Freedom Shield» ខណៈលោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានអំណាចរបស់លោក គីម ជុងអ៊ុន បានលើកឡើងថា ការកាត់បន្ថយសមយុទ្ធរបស់លោក ត្រាំ គឺជាទណ្ឌកម្មសម្រាប់រដ្ឋធានីសេអ៊ូល ដោយសារតែការប្រកាន់យកទស្សនវិស័យសន្តិសុខមិនប្រាកដនិយម និងទំនាក់ទំនងបែបចៅហ្វាយនាយ និងអ្នកបម្រើជាមួយអាម៉េរិក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត