
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រទី១៨ ខែកញ្ញាថា លោកកំពុងហាមឃាត់បណ្តាញព័ត៌មានធំៗចំនួន៣ រួមមាន៖ CNN, MS NOW និង Politico មិនឱ្យចូលយកព័ត៌មាននៅក្នុងសេតវិមានឡើយ ដោយបានចោទប្រកាន់ស្ថាប័នទាំង៣នេះថា បានផ្សព្វផ្សាយរឿងប្រឌិត និងការកុហក បើទោះបីជាមិនបានផ្តល់ភស្តុតាជាក់លាក់ណាមួយក៏ដោយ។

លោក ត្រាំ បានអះអាងថា ៖«[ក្រៅពីស្ថាប័ន CNN, MS NOW និង Politico] ក៏នឹងមានបណ្តាញព័ត៌មានក្លែងក្លាយជាច្រើនទៀតនឹងត្រូវហាមឃាត់ជាបន្តបន្ទាប់»។ យ៉ាងណា លោកមិនបានបញ្ជាក់ចំឈ្មោះស្ថាប័នទាំងនោះនៅឡើយទេ។ លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា៖«... ចាប់ពីពេលនេះតទៅ ខ្ញុំនឹងហាមឃាត់ Fake News CNN, MSNOW... និង Politico... មិនឱ្យចូលសេតវិមានជាដាច់ខាត ដោយសារតែការផ្សាយព័ត៌មានក្លែងក្លាយជាប្រចាំរបស់ពួកគេ!»។ លោកបញ្ជាក់ថា បណ្តាញសារព័ត៌មានមិនគួរត្រូវបានអនុញ្ញាតឱ្យសរសេរ ឬរាយការណ៍អំពីរឿងប្រឌិត និងការកុហកជាបន្តបន្ទាប់នោះឡើយ។

សូមជម្រាបថា នេះជាវិធានការកម្រមានបំផុតសម្រាប់ប្រធានាធិបតីអាម៉េរិកក្នុងការហាមឃាត់ស្ថាប័នព័ត៌មានមិនឱ្យចូលសេតវិមាន។ នៅក្នុងអាណត្តិទី២ របស់លោក ត្រាំ រដ្ឋបាលរបស់លោកបានដាក់ចេញនូវការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអ្នកសារព័ត៌មាន រួមទាំងការក្តោបក្តាប់លើការជ្រើសរើសអ្នកកាសែតណាដែលត្រូវអនុញ្ញាតឱ្យចូលរួមក្នុងក្រុម «Press Pool» ដើម្បីយកព័ត៌មាននៅក្នុងទីតាំងចង្អៀត ដូចជា បន្ទប់ជួបប្រជុំ Oval Office និងយន្តហោះប្រធានាធិបតី Air Force One ជាដើម។ កាលពីឆ្នាំមុន លោក ត្រាំ ក៏បានហាមឃាត់ភ្នាក់ងារព័ត៌មាន The Associated Press (AP) មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនផងដែរ ដោយសារតែការសម្រេចចិត្តរបស់ភ្នាក់ងារព័ត៌មាននេះ ក្នុងការបន្តប្រើប្រាស់ឈ្មោះ «ឈូងសមុទ្ទម៉ិកស៊ិក» (Gulf of Mexico) ជំនួសឱ្យឈ្មោះ «ឈូងសមុទ្ទអាម៉េរិក» (Gulf of America) ដូចដែលលោក ត្រាំ បានកំណត់៕



