ថៃ-អាម៉េរិក ចុះកិច្ចព្រមព្រៀងសិក្សាបង្កើតរោងចក្រថាមពលបរមាណូ
ហៀប ស៊ីថេត
មួយថ្ងៃមុន

រាជធានីបាងកក៖ ប្រទេសថៃ និងសហរដ្ឋអាម៉េរិក បានព្រមព្រៀងគ្នាសិក្សាស្រាវជ្រាវអំពីលទ្ធភាពបឋម លើការបង្កើតរោងចក្រថាមពលបរមាណូខ្នាតតូច(SMR) នៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយដោយកាសែតខាវសដ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ រវាងភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាម៉េរិក និងអាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ នៅក្នុងព្រឹត្តិការណ៍ពិពណ៌ថាមពល Gastech 2026។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ដោយលោក ឯកណាត់ ព្រហ្មផាន់ (เอกนัฏ พร้อมพันธุ์) រដ្ឋមន្ត្រីក្រសួងថាមពលថៃ រួមជាមួយលោក ជេម ដានលី (James Danly) អនុរដ្ឋមន្រ្តីក្រសួងថាមពលអាម៉េរិក, លោក ប្រៈស៊ើត ស៊ិនសុខប្រៈស៊ើត (ประเสริฐ สินสุขประเสริฐ) រដ្ឋលេខាធិការក្រសួងថាមពលថៃ, និងលោក សៀន ខេ.អូណែលល៍ (Sean K. O’Neill) ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសថៃ។ ចំណែក ឯអ្នកចុះហត្ថលេខាផ្ទាល់ គឺលោក ថូម៉ាស អ.ហារឌី (Thomas R. Hardy) នាយកស្តីទីនៃភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាម៉េរិក និងលោក នរិន្ទ ពលវិជ័យ (นรินทร์ พลวิชัย) អភិបាលនៃអាជ្ញាធរផលិតអគ្គិសនីរបស់ប្រទេសថៃ។

លោក ហារឌី បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយលើកកម្ពស់បច្ចេកវិទ្យាបរមាណូ និងពង្រឹងសន្តិសុខថាមពលនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការធ្វើការងារជាមួយដៃគូដែលទុកចិត្ត។ ទន្ទឹមគ្នា លោក នរិន្ទ បានគូសបញ្ជាក់ថា ការសិក្សានេះនឹងជួយឱ្យអាជ្ញាធរផលិតអគ្គិសនីថៃ អាចវាយតម្លៃលើទីតាំងដែលមានសក្តានុពល ការចំណាយ និងតម្រូវការផ្លូវច្បាប់ សម្រាប់បច្ចេកវិទ្យារោងចក្រថាមពលបរមាណូខ្នាតតូច នៅក្នុងប្រទេសថៃ។ លោកបន្ថែមថា បច្ចេកវិទ្យាថាមពលបរមាណូខ្នាតតូច អាចនឹងក្លាយជាផ្នែកមួយនៃប្រភពថាមពលរ៉ាប់រងរយៈពេលវែងរបស់ថៃ ជួយពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងគាំទ្រដល់កំណើនសេដ្ឋកិច្ច និងឧស្សាហកម្ម នៅពេលដែលតម្រូវការប្រើប្រាស់អគ្គិសនីមានការកើនឡើង ស្របពេលរាជធានីបាងកកកំពុងស្វែងរកជម្រើសផ្សេងៗ ដើម្បីពង្រឹងសន្តិសុខថាមពល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត