
ក្រុងបាវិត៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទ្បើងថា ភាពរីកចម្រើននៃសហគមន៍វិនិយោគ នៅខេត្តស្វាយរៀង និងក្រុងបាវិត ជាកត្តាសំខាន់ជំរុញកំណើនសេដ្ឋកិច្ច ដែលបង្កើតបានការងារ ការបង្កើនការនាំចេញ និងការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់កម្ពុជា..។

លោកអគ្គលេខាធិការ ថ្លែងបែបនេះ ក្នុងពេលចូលរួមក្នុងពិធីជួបជុំពិសារអាហារសាមគ្គី នៃសមាគមសហគ្រាសវិនិយោគបរទេស និងពិធីអបអរសាទរបុណ្យសែនព្រះខែ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ កាលពីថ្ងៃទី១៩កញ្ញា ម្សិលមិញ។លោកបានគូសបញ្ជាក់ថា ភាពរីកចម្រើននេះ គឺជាសក្ខីភាពនៃការដឹកនាំដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនូវកម្មវិធីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។ ក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបន្តដាក់ចេញនូវគោលនយោបាយ វិធានការកែទម្រង់នានា ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការសម្រួលនីតិវិធីរដ្ឋបាល សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។

លោកអគ្គលេខាធិការ បន្ថែមថា កម្ពុជាបានផ្តល់កិច្ចសម្រួលដល់វិនិយោគិន តាមរយៈអភិក្រមដូចជា៖ កាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ, កាត់បន្ថយរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិការ, ការធ្វើសាមញ្ញនីតិវិធីរដ្ឋបាល ការនាំចេញ-នាំចូល និងការសម្រួលពាណិជ្ជកម្ម តាមរយៈយន្តការច្រកចេញចូលតែមួយ។ លោកក៏បាន ស្នើសុំឱ្យវិនិយោគិនយកចិត្តទុកដាក់ការពារបរិស្ថាន និងមានអភិបាលកិច្ចល្អដោយគោរពច្បាប់ និងបង់ពន្ធជូនរដ្ឋ ដើម្បីរដ្ឋមានលទ្ធភាពកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាជូនវិនិយោគិនវិញ៕



