
រាជធានីភ្នំពេញ៖ សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យទេ តែជាផ្លែផ្កានៃការតស៊ូងើបចេញពីប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងសោកនាដកម្ម តាមរយៈការធ្វើពលិកម្មដ៏ធំធេងប្រកបដោយស្មារតីស្នេហាជាតិ ប្តូរផ្តាច់របស់មគ្គុទ្ទេសក៍ជាតិ និងប្រជាជនយើង។ ពេលនេះ សន្តិភាពពេញលេញដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំកសាងជាមួយនឹងការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជាតិខ្មែរទាំងមូល អស់រយៈពេល២៦ឆ្នាំកន្លងមកនេះ ត្រូវបានគំរាមកំហែង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។ នេះជាសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦...។

សម្ដេចមានប្រសាសន៍ថា សង្គ្រាមនេះបានឆក់យកជីវិត និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជាប់ព្រំដែន ហើយពេលនេះ មានប្រជាជនភៀសសឹករាប់ពាន់គ្រួសារ មិនទាន់អាចវិលទៅលំនៅឋានដើមវិញបាន។ សម្ដេចសង្កត់ធ្ងន់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា «ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ» ប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ សម្រាប់កម្ពុជា ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេស ការជ្រើសរើសយកវិធីសាស្ដ្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ។

សន្តិភាពជាដង្ហើមរស់សម្រាប់កម្ពុជា។ សន្តិភាពនេះហើយ ដែលបានផ្តល់ឱកាសមាសឱ្យប្រទេសកម្ពុជាអាចស្តារ និងកសាងជាតិឡើងវិញ ជំរុញការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក។ ឆ្លងកាត់ការឈឺចាប់ និងផលវិបាកដ៏ខ្លោចផ្សានៃសង្គ្រាម ព្រមទាំងផលប៉ះពាល់ពីការឈ្លានពាន អធិបតេយ្យជាតិនាពេលថ្មីៗនេះ យើងរឹតតែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព កាលានុវត្តភាព ដ៏ទូលំទូលាយ ដែលសន្តិភាពបានបង្កើតឡើង និងភាពផុយស្រួយនៃសន្តិភាព ដែលយើងត្រូវតែរួមគ្នាថែរក្សា និងការពារឱ្យបានដាច់ខាត។«ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជាថ្មីម្ដងទៀត ឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្ត និងឈានទៅរកការស្តារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមនៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ»។ នេះជាប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត។

សម្ដេចធិបតី បន្តអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តប្រកាន់ខ្ជាប់គោលការណ៍គ្រឹះនៃសន្តិភាព ការគោរពអធិបតេយ្យ ស្មើភាព ដោះស្រាយវិវាទដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដោយមិនប្រើកម្លាំង ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។ សូមឱ្យកម្លាំងសាមគ្គីភាពរបស់យើង ក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការជួយពង្រឹងសន្តិភាព។ សូមឱ្យសន្តិភាពបើកផ្លូវ និងបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់វិបុលភាពរួម ហើយសូមឱ្យច្បាប់អន្តរជាតិ នៅតែជាសសរទ្រទ្រង់ដ៏រឹងមាំក្នុងការថែរក្សា និងកសាងសន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងមូល៕



