
ក្រុងសៀមរាប៖ ថ្មប្រាសាទបុរាណនានា ក្នុងរដូវវស្សាដែលមានស្លែដុះនៅលើ បានបង្កើតឱ្យឃើញពណ៌បៃតង ហាក់បីដូចជាត្បូងមរកត ជួយលើកសម្រស់របស់ប្រាសាទឱ្យស្អាតប្លែក ហើយទាក់ទាញអារម្មណ៍ និងភ្នែកអ្នកទេសចរ ឱ្យនៅគយគន់មិនចង់ទៅណាឆ្ងាយ…។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ស្លែដែលដុះរុំលើផ្ទាំងថ្មប្រាសាទបុរាណ មិនត្រឹមតែបង្កើតជាទស្សនីយភាពថ្មី ឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ប៉ុណ្ណោះទេ គឺថែមទាំងមានប្រយោជន៍ដូចជា ការពារពីកម្តៅ និងជួយបន្សុទ្ធខ្យល់ក្នុងអាកាស។ ក្រុងធំៗលើពិភពលោក កំពុងបណ្ដុះស្លែដាក់ឱ្យជួយបរិស្ថានក្នុងក្រុង តែកម្ពុជាមានសំណាង វាបានដុះរស់នៅលើថ្ម មិនថាខែវស្សា ឬប្រាំង បើទោះរដូវប្រាំង ក៏វានៅតែដើរតួនាទីជាស្រទាប់កាត់បន្ថយកម្តៅមកលើថ្មដែរ។

អាជ្ញាធរជាតិអប្សរា គូសរំលេចបន្ថែមថា ជារៀងរាល់ថ្ងៃមានអ្នកទេសចរខ្លះបានចាប់អារម្មណ៍ ក៏ដូចជាចំណាយពេលវេលាទៅទស្សនា រូបចម្លាក់មួយចំនួនដែលស្លែបានដុះរុំជិត បង្កើតឱ្យមានពណ៌បៃតង ដោយពួកគេបានថតរូបភាពយ៉ាងច្រើន ទុកជាអនុស្សាវរីយ៍ផងដែរ។ ជាមួយគ្នា អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ មិនថា ជាតិ-អន្តរជាតិ សូមមកលេងខេត្តសៀមរាប ដើម្បីទស្សនាស្លែពណ៌បៃតងខ្ចីដុះនៅលើថ្មដ៏អស្ចារ្យ ដែលបន្សល់ទុកពីដូនតាខ្មែរជំនាន់ដើម៕






