
ខេត្តកំពត៖ មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូកចំនួន២កន្លែង ស្ថិតក្នុងឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត បានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបង្កក្លិនស្អុយ និងបង្ហូរសំណល់កខ្វក់ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថានជុំវិញ…។

ក្រសួងបរិស្ថានបង្ហាញរបាយការណ៍នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ក្រុមការងារអធិការកិច្ចពីក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តកំពត បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកចំនួន២កន្លែងនោះ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។ តាមការត្រួតពិនិត្យ មន្ត្រីជំនាញរកឃើញថា កសិដ្ឋានចិញ្ចឹមជ្រូក ហែម ម៉ាច បានបង្ហូរសំណល់រាវចេញពីស្រះស្តុក ចូលដីស្រែរបស់ប្រជាពលរដ្ឋ បង្កក្លិនស្អុយ និងដំណើរការអាជីវកម្មដោយពុំបានរៀបចំរបាយការណ៍វាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន។

ចំណែក កសិដ្ឋានចិញ្ចឹមជ្រូក អ៊ុត ប៊ុនហេង ក៏បានធ្វើសកម្មភាពខុសឆ្គងស្រដៀងគ្នាអ៊ីចឹងដែរ គឺបានបង្កក្លិនស្អុយភាយចេញពីរោងចិញ្ចឹមជ្រូកដែរ និងដំណើរការអាជីវកម្មដោយគ្មានរបាយការណ៍វាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន។ ជុំវិញករណីនេះ ក្រសួងបរិស្ថាន បញ្ជាឱ្យកសិដ្ឋានទាំងពីរ បិទចំណុចប្រសព្វជាមួយប្រឡាយសាធារណៈក្បែរកសិដ្ឋានជាបន្ទាន់ សម្អាតរោងចិញ្ចឹមជ្រូក និងអនុវត្តវិធានការកាត់បន្ថយក្លិនស្អុយ។ ទន្ទឹមនឹងនេះ ម្ចាស់កសិដ្ឋានត្រូវរៀបចំរបាយការណ៍វាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន ដាក់ទៅក្រសួងបរិស្ថានពិនិត្យ។ ក្រសួងក៏បានតម្រូវឱ្យកសិដ្ឋានទាំងពីរ ផ្តល់សំណងចំពោះផលប៉ះពាល់ និងការខូចខាតបរិស្ថានផងដែរ។ ក្រសួងក្រើនរំឭកថា ការមិនរៀបចំរបាយការណ៍វាយតម្លៃពីហេតុប៉ះពាល់បរិស្ថាន គឺល្មើសនឹងមាត្រា៦៦៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ខណៈការបង្ហូរសំណល់រាវចូលដីស្រែប្រជាពលរដ្ឋ និងការបង្កក្លិនស្អុយ គឺល្មើសនឹងមាត្រា១៥៦ និងមាត្រា១៦១ នៃក្រមនេះ៕






