អាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនគូស្នេហ៍ខុសសញ្ជាតិចិន-វៀតណាម ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់
Chanmarady Chuon
5 ម៉ោងមុន

ក្រុងខេមរភូមិន្ទ៖ គូស្នេហ៍ឆ្លងដែនពីរនាក់ ដែលមានបុរសជនជាតិចិន និងនារីជាជនជាតិវៀតណាម ធ្លាប់តែសម្ងំរស់នៅជាមួយគ្នាយ៉ាងសុខសាន្ត ដោយការលួចធ្វើសកម្មភាពទុច្ចរិតផ្សេងៗ ដូចជា ជួញដូរ និងប្រើប្រាស់នូវសាធាតុញៀន ពេលនេះ ត្រូវអស់លក្ខណ៍ និងបានកាន់ដៃគ្នាចូលពន្ធនាគារ ក្រោយកម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាប និងឃាត់ខ្លួនបាន…។

ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជនជួញដូរគ្រឿងញៀនដ៏ក្ដៅគគុកនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ត្រី រៀម រី ប្រធានស្នាក់ការសន្តិសុខតារាសាគរ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ ហ្សូ យូហ្ស៊ីង (ZHOU YU XING) អាយុ២៨ឆ្នាំ ជនជាតិចិន គ្មានមុខរបរពិតប្រាកដ និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។ ២.ឈ្មោះ ង្វៀន ធុយលីញ (NGUYEN THUY LINH) អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មានមុខរបរជាអ្នកម៉ាស្សា និងគ្មានលិខិតឆ្លងដែនដូចគ្នា។ អ្នកទាំងពីរបានសមគំនិតគ្នាស្នាក់នៅពួនជ្រកក្នុងទឹកដីខេត្តកោះកុង ប្រព្រឹត្តអំពើជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ព្រមទាំងកាន់កាប់អាវុធខ្លីដោយគ្មានការអនុញ្ញាត។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះដែរ កម្លាំងកងរាជអាវុធហត្ថបានដកហូតវត្ថុតាងខុសច្បាប់មួយចំនួនធំ រួមមាន៖ ថ្នាំញៀន និងអាវុធខ្លី សម្រាប់ធ្វើសកម្មភាព។ ភ្លាមៗបន្ទាប់ពីត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបំពាក់ខ្នោះដៃរួមគ្នា គូស្នេហ៍ខុសច្បាប់មួយគូនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដើម្បីធ្វើការសាកសួរចម្លើយ និងបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនជាប់ចោទបទឧក្រិដ្ឋទាំងពីរនាក់នេះ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី។ គួរជម្រាបថា ទោសទណ្ឌដែលឧក្រិដ្ឋជនទាំងពីរត្រូវប្រឈមមុខ រួមមាន៖ ទាំងបទល្មើសជួញដូរ/រក្សាទុកសារធាតុញៀន បទកាន់កាប់អាវុធខុសច្បាប់ និងករណីរស់នៅ/ធ្វើការខុសច្បាប់ ដោយគ្មានលិខិតឆ្លងដែន ដែលអាចធ្វើឱ្យគូស្នេហ៍មួយគូនេះ ត្រូវរស់នៅក្នុងពន្ធនាគារបែកបាក់គ្នាអស់ជាច្រើនឆ្នាំមិនខាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត