ទោះមិនស្ថិតក្នុងគន្លងផ្លូវដើររបស់ព្យុះឌូជូអាន តែឥទ្ធិពលជះដល់ប្រទេសកម្ពុជា បង្កឱ្យមានភ្លៀងលាយទ្បំខ្យល់កន្ត្រាក់
S
Sreyleak Yith
6 ម៉ោងមុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាកររបស់ក្រសួងធនធានទឹក ព្យុះទី២៥ឈ្មោះ ឌូជូអាន នៅបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី បោកបក់មកលើសមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ សមុទ្ទចិនខាងត្បូង និងអាងទន្លេមេគង្គ។កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ តែយ៉ាងណា វាបានបង្កឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦...។

ក្រសួងគូសបញ្ជាក់ថា តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី ធ្វើឱ្យខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រ។

តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ មានល្បឿនមធ្យម៣ម៉ែត្រក្នុងមួយវិនាទី នាំឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងកណ្តាល អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ

ចំណែក តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់អមមកជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៧០ភាគរយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត