មនុស្សមួយក្រុមធ្លាប់ជាប់ពន្ធនាគារ២ដងរួចហើយ តែចេញមកវិញ នៅជួញដូរគ្រឿងញៀនដដែល
ហាក់ អ៊ីឌី
មួយថ្ងៃមុន

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងការកាន់កាប់អាវុធ និងគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅខេត្តព្រះសីហនុ....។  

ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការ ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតសង្កាត់លេខ៣ និងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៩នាក់​ ដែលមិនរាងចាល ពោលគឺជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ ហើយជាមុនសញ្ញាជួញដូរយ៉ាងសកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់។

ជាមួយគ្នា សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួន រួមមាន ក្រាមពណ៌ស សង្ស័យជាសារធាតុ ថ្នាំគ្រាប់ (WY) ជញ្ជើងថ្លឹងគ្រឿងញៀន កាំភ្លើងខ្លី K54 គ្រាប់កាំភ្លើង និងសម្ភារៈមានតម្លៃមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធីតាមច្បាប់។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច។ ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ច។ រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្ដល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត