
កំពត៖ អធិការដ្ឋាននគរបាលក្រុងកំពត ចេញសារព្រមាន និងអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជៀសវាងដាច់ខាតនូវការថត និងបង្ហោះវីដេអូប្រើហិង្សាវាយតប់គ្នានៅតាមទីសាធារណៈ ទោះបីជាក្នុងចេតនាសម្ដែងលេងក៏ដោយ ព្រោះសកម្មភាពទាំងនេះបង្កឱ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅក្នុងសង្គម…។

សារព្រមាន និងការអប់រំណែនាំនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងកំពត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានចុះស្រាវជ្រាវករណីគណនីហ្វេសប៊ុកឈ្មោះ «Ly Jing» បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពក្រុមក្មេងស្រីមួយក្រុមប្រើហិង្សាវាយតប់គ្នានៅទីសាធារណៈ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ក្រុមក្មេងស្រី ដែលពាក់ព័ន្ធទាំងអស់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុងកំពត។ ជាលទ្ធផល ក្រុមយុវតីទាំងនោះ បានសារភាពថា សកម្មភាពវាយតប់គ្នានៅក្នុងវីដេអូនោះ គ្រាន់តែជាការថតសម្ដែងលេង ដើម្បីយកទៅបង្ហោះទាក់ទាញការចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ ដោយពុំមានទំនាស់ស៊ីសាច់ហុតឈាមពិតប្រាកដឡើយ។

ក្រោយការសាកសួរ និងពិនិត្យឃើញថាជាការសម្ដែង សមត្ថកិច្ចបានអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអាណាព្យាបាល ដើម្បីធានាយកពួកគេត្រឡប់ទៅផ្ទះវិញ ព្រមទាំងតម្រូវឱ្យអាណាព្យាបាលជួយតាមដាន និងអប់រំបន្ថែម ជៀសវាងការប្រព្រឹត្តទង្វើណាដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈបន្តទៀត។ ពួកគេ ក៏ត្រូវបាននាំទៅឱ្យធ្វើពលកម្មសិនដែរ មុននឹងអនុញ្ញាតទៅផ្ទះវិញ។

ជាមួយគ្នា សមត្ថកិច្ច ក៏បានអំពាវនាវយ៉ាងទទូចដល់យុវជន និងសាធារណជនទាំងអស់ មេត្តាកុំយកតម្រាប់តាមសកម្មភាពបែបនេះឱ្យសោះ ហើយត្រូវចូលរួមប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់ និងជួយថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ព្រមទាំងតម្លៃសេចក្តីថ្លៃថ្នូរនៅក្នុងសង្គមជាតិទាំងមូល។

លោក ម៉ៅ ចន្ទ័មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បង្ហោះសារលើបណ្តាញសង្គមថា ក្រុមយុវតីទាំងនេះ ទំនេរខ្លាំងពេក នាំគ្នាសម្តែងវ៉ៃតប់ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងក្រុងកំពត។ លោក ណែនាំឱ្យយុវតីក្មេងៗខាងលើ ឈប់ធ្វើបែបនេះទៀត៕



