
បន្ទាយមានជ័យ៖ ស្ថាប័នជំនាញកម្ពុជា គឺនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបណ្ដេញជនជាតិថៃខុសច្បាប់១១នាក់ (ស្រី៥នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។ ពួកគេ លួចឆ្លងដែនចូលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់ ហើយថែមទាំងថ្លើមធំ ហ៊ានកាន់កាប់ និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតទៀតផង។

តាមរយៈសារលើទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាត់ទុកការបណ្ដេញជនជាតិបរទេសខុសច្បាប់ចេញពីកម្ពុជា ថាជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ សម្តេចធិបតី ធ្លាប់លើកឡើងកន្លងមកថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនបរទេសខុសច្បាប់ ប្រើប្រាស់ទឹកដីកម្ពុជាធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ ហេតុដូច្នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរ បន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញជនបរទេសខុសច្បាប់ទាំងនោះ ដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ផ្អែកលើស្មារតីនៃបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រោមការដឹកនាំតម្រង់ទិសពីលោក ស សុខា ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងសមត្ថកិច្ចកម្ពុជា បាននិងកំពុងប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕







