កម្ពុជាត្រៀមពង្រីកទីផ្សារទេសចរណ៍រុស្ស៊ី នៅចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧
អុន សម្ផស្ស
7 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រីកការទាក់ទាញភ្ញៀវទេសចររុស្ស៊ី និងនាំយក«អច្ឆរិយភាពកម្ពុជា» ទៅកាន់ទីផ្សាររុស្ស៊ី ឱ្យកាន់តែទូលំទូលាយនៅចុងឆ្នាំ២០២៦ និងក្នុងឆ្នាំ២០២៧។ នេះជាការប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦..។

ថ្លែងក្នុងពិធីបើក«ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ សមាគមទេសចរណ៍ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍រុស្ស៊ី និងអន្តរជាតិ ព្រមទាំងសារព័ត៌មាន និងអ្នកនាំឥទ្ធិពលលើបណ្តាញសង្គម (Influencers) ជាង ២០០នាក់, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសបញ្ជាក់ថា ទីផ្សាររុស្ស៊ី គឺជាទីផ្សារគោលដៅសំខាន់មួយ ដែលកម្ពុជាត្រូវផ្តោតការយកចិត្តទុកដាក់ និងបម្លែងសក្តានុពលឱ្យទៅជារំហូរភ្ញៀវទេសចរជាក់ស្តែង។ លោករដ្ឋមន្ត្រី អំពាវនាវឱ្យស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាផ្សព្វផ្សាយកម្ពុជា ដើម្បីឱ្យភ្ញៀវទេសចររុស្ស៊ីឃើញកម្ពុជា ស្គាល់កម្ពុជា ចង់មកកម្ពុជា និងសម្រេចចិត្តមកទស្សនាកម្ពុជា។ ជាពិសេស គឺការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងរុស្សី ដូចការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក (Anatoly Borovik)។ 

រដ្ឋមន្ត្រីទេសចរណ៍រូបនេះ ចាត់ទុក«ផែនទីបង្ហាញផ្លូវទេសចរណ៍កម្ពុជាទៅកាន់ទីផ្សាររុស្ស៊ី» នឹងក្លាយជាវេទិកាដ៏មានប្រសិទ្ធភាពលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ ពង្រឹងភាពជាដៃគូវាងរដ្ឋ និងវិស័យឯកជន និងបង្កើតឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-រុស្ស៊ី។ ទំនាក់ទំនងការទូតកម្ពុជា-រ៉ុស្ស៊ី បានឈានដល់ខួប៧០ឆ្នាំ នៅក្នុងឆ្នាំ២០២៦នេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត