
រាជធានីបាងកក៖ ចរិតឈ្លានពាន និងភាពគឃ្លើនកោងកាចរបស់យោធាថៃ បង្ហាញកាន់តែច្បាស់ បន្ទាប់ពីកងទ័ពជើងគោកភូមិន្ទថៃ បញ្ចេញវីដេអូឃ្លីបមួយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ អួតអាងពីការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌអន្តរជាតិ ដោយប្រើប្រាស់ដ្រូនវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជា ជាពិសេស ការបំផ្លិចបំផ្លាញតំបន់ប្រាសាទព្រះវិហារនៃបេតិកភណ្ឌពិភពលោក យូណេស្កូ (UNESCO)...។

យោងតាមការខ្លឹមសារចុះផ្សាយដោយកាសែតថៃ The Nation កងទ័ពជើងគោកភូមិន្ទថៃ បានបញ្ចេញវីដេអូមួយបង្ហាញពីក្រុមដ្រូន Falcon Team របស់ខ្លួន ដែលកំពុងវាយប្រហារលើគោលដៅយោធាកម្ពុជា នៅជិតប្រាសាទព្រះវិហារ ដោយបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយោធាកម្ពុជា រួមមាន៖ ប្រព័ន្ធប្រឆាំងដ្រូន បង្គោលអង់តែនទំនាក់ទំនង និងទីតាំងឈរជើងរបស់កងទ័ព។ កងទ័ពថៃ ថែមទាំងអះអាងទាំងងងើលទៀតថា ការវាយប្រហារនេះ គឺជាការឆ្លើយតបទៅនឹងកងកម្លាំងយោធាកម្ពុជា ប្រើប្រាស់ទីតាំងបេតិកភណ្ឌពិភពលោក UNESCO មួយនេះ ដើម្បីបើកការវាយប្រហារលើដែនដីថៃ។ ជាងនេះទៅទៀត កងទ័ពថៃ បានចោទប្រកាន់ទាំងគ្មានមូលដ្ឋាន ថា ទាហានកម្ពុជា បានប្រើប្រាស់តំបន់ជុំវិញប្រាសាទព្រះវិហារ សម្រាប់គោលបំណងយោធា ដោយបានបង្កើតទីតាំងឈរជើង ដើម្បីវាយប្រហារលើតំបន់ហួយតាម៉ារៀ (ห้วยตามาเรีย) និងផាម៉អ៊ីឌែង (ผามออีแดง ) នៅខាងដែនដីថៃ។

សូមជម្រាបថា សកម្មភាពដ៏ព្រហើននេះ ត្រូវបានរៀបចំឡើងដោយក្រុមដ្រូន Falcon Team នៃយោធភូមិភាគ២របស់ថៃ ដែលបានបើកការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃទៅលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងការពារខ្លួនរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ភាគីថៃ បានបន្ថែមនូវការញុះញង់ និងបង្កប់នូវការប្រមាថយ៉ាងធ្ងន់ធ្ងរ តាមរយៈការបង្កើតវីដេអូបំភ្លៃការពិត ក្រោមចំណងជើងថា «ការពិតពីប្រាសាទព្រះវិហារ» និងប្រើប្រាស់ពាក្យពេចន៍អុជអាល ទម្លាក់កំហុសលើកម្ពុជា ដើម្បីបិទបាំងអំពើឈ្លានពានរបស់ខ្លួន នៅលើឆាកអន្តរជាតិ។ ជាក់ស្តែង ប្រតិបត្តិការយោធាប្រកបដោយគ្រោះថ្នាក់របស់ថៃនេះ បានគំរាមកំហុសយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ សន្តិសុខព្រំដែន និងសុវត្ថិភាពនៃសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា ការប្រើប្រាស់ដ្រូន និងអាវុធបំផ្លិចបំផ្លាញចូលក្នុងតំបន់ប្រាសាទព្រះវិហារពីសំណាក់យោធាថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ អធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា និងជាការបំផ្លិចបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ទាំងមូល៕





