ប៉ូលិសក្រុងបាវិត ឃាត់ខ្លួនក្មេងទំនើង៥នាក់ ក្រោយសំញ៉ែងអាវុធកាងមុខក្លិបកម្សាន្ត
Chanmarady Chuon
7 ម៉ោងមុន

ក្រុងបាវិត៖ កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត បង្ហាញព័ត៌មាននៅរសៀលថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្រោយពីពួកគេជួបជុំគ្នាផឹកស៊ីស្រវឹង យកកាំបិតបុ័ងតោ និងកាំបិតផ្គាក់ ដើរអូសសំញ៉ែងនៅមុខមណ្ឌលកម្សាន្ត BS កាលពីវេលាម៉ោង២៣:១០នាទីយប់ថ្ងៃទី០៦កញ្ញា បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងបានថតរូបបង្ហោះគំរាមលើបណ្តាញសង្គម…។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ និងដាវ មកសំញ៉ែងកាងនៅចំណុចមណ្ឌលកម្សាន្ត BS ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ភ្លាមៗ កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងបាវិត ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ រួមមាន៖ ទី១.ឈ្មោះ កោត វាសនា អាយុ២៣ឆ្នាំ, ទី២.ឈ្មោះ កោត រតនា អាយុ១៦ឆ្នាំ, ទី៣.ឈ្មោះ យ៉ាន់ សូសំនៀង អាយុ១៦ឆ្នាំ, ៤.ឈ្មោះ ម៉េង រិទ្ធី អាយុ១៦ឆ្នាំ(ជនសង្ស័យទាំង៤នាក់ មានមុខរបរមិនពិតប្រាកដ រស់នៅក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង)។ លុះស្អែកឡើង សមត្ថកិច្ចបានបន្តស្រាវជ្រាវតាមចាប់ខ្លួនឈ្មោះ ម៉ៅ ប្រុសពៅ អាយុ១៦ឆ្នាំ បន្ថែមបានម្នាក់ទៀត។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពថា មុនពេលកើតហេតុ ពួកគេទាំង៥នាក់ បានជួបជុំគ្នាសេពគ្រឿងស្រវឹងនៅផ្ទះឈ្មោះ កោត រតនា។ លុះស្រវឹងស្រ៊ឿង ក៏បានជិះម៉ូតូទៅលេងមណ្ឌលកម្សាន្ត BS ដោយឈ្មោះ កោត វាសនា ទាញកាំបិតបុ័ងតោដែលបក្ខពួកឈ្មោះ ម៉ៅ ប្រុសពៅ លាក់ទុកក្នុងកែបម៉ូតូ យកទៅដើរអូសលេងលើផ្លូវ បង្កការភ្ញាក់ផ្អើល ទើបត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនបានទាំង៤នាក់តែម្ដង។ ប៉ុន្តែភ្លាមៗ ឈ្មោះ ម៉ៅ ប្រុសពៅ ដឹងខ្លួនមុន ទើបរត់គេចខ្លួនបានសម្រេច។ លុះដល់រសៀលថ្ងៃទី០៧កញ្ញា ក៏ត្រូវនគរបាលក្រុងបាវិត សហការជាមួយនគរបាលស្រុកចន្ទ្រា ស្រាវជ្រាវតាមចាប់ខ្លួនបាន។ ជាមួយគ្នា ជនសង្ស័យ បានទទួលស្គាល់ថា កាំបិតបុ័ងតោនោះជារបស់ខ្លួនពិតប្រាកដមែន សម្រាប់ទុកការពារខ្លួន ព្រមទាំងប្រាប់បន្ថែមថា បក្ខពួកឈ្មោះ កោត វាសនា និងឈ្មោះ ម៉េង រិទ្ធី ក៏មានកាំបិតផ្គាក់ ២ដើមទៀត សម្រាប់ទុកថតរូបបង្ហោះបង្អួតនៅលើបណ្តាញសង្គមផងដែរ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ កាំបិតបុ័ងតោ ចំនួន១ដើម, កាំបិតផ្គាក់ ចំនួន២ដើម, ទូរសព្ទដៃ ចំនួន២គ្រឿង, ម៉ូតូចំនួន២គ្រឿង (ម៉ាក Honda Beat ពណ៌ស និង Honda C125 ពណ៌ខ្មៅ)។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត