
រាជធានីភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២៤មីនា រហូតដល់ថ្ងៃទី៧មេសា ឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបករណីក្មេងទំនើងបានជិត២០លើក ក្នុងនោះឃាត់ខ្លួនយុវជនជិត១០០នាក់ បញ្ជូនទៅតុលាការ ទៅពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្ហោះសារនៅថ្ងៃទី៩មេសា ឆ្នាំ២០២៥...។

តាមរយៈសំណេរ លោក រ៉េន រតនៈ បញ្ជាក់ថា មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ចាត់វិធានការដ៏ម៉ឺងម៉ាត់ ដោយបានណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ដឹកនាំបញ្ជាទៅអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ បង្ក្រាបក្រុមក្មេងទំនើងបង្កការអុកឡុកក្នុងសង្គម។ ជាលទ្ធផលក្រុមក្មេងទំនើងជិត១០០នាក់ត្រូវបានបង្ក្រាបនៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពត ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។ លោកបន្ថែមថា យុវជនដែលជ្រុលខ្លួនប្រព្រឹត្តសកម្មភាពទំនើងក្នុងសង្គមនាពេលនេះមានន័យថា ពួកគេអាចនឹងត្រូវឆ្លងឆ្នាំក្នុងពន្ធនាគារប្រសិនបើត្រូវបានសមត្ថកិច្ចចាប់ខ្លួន៕



