លោក ជួន ណារិន្ទ លើកទឹកចិត្តភាគីពាក់ព័ន្ធផ្តល់ព័ត៌មានក្មេងទំនើង ឈានទៅបង្រ្កាបមុខសញ្ញាដែលនៅសល់
S
Soriya Sou
11 កក្កដា 2025 03:15 AM

រាជធានីភ្នំពេញ៖ ទោះបីអាជ្ញាធរបាននិងកំពុងអនុវត្តវិធានការបង្រ្កាប និងទប់ស្កាត់សកម្មភាពក្មេងទំនើងយ៉ាងសកម្ម ប៉ុន្តែបញ្ហានេះនៅមិនទាន់អស់នៅឡើយ ទាមទាវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទប់ស្កាត់ តាមរយៈការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងក្មេងទំនើងនេះ ឱ្យអាជ្ញាធរឈានទៅបង្រ្កាបមុខសញ្ញាដែលនៅសេសសល់ឱ្យអស់។ នេះបើតាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…។

ក្មេងទំនើងមួយក្រុម ត្រូវអាជ្ញាធររាជធានីភ្នំពេញ បង្រ្កាបបានកាលពីពេលកន្លងទៅ
ក្មេងទំនើងមួយក្រុម ត្រូវអាជ្ញាធររាជធានីភ្នំពេញ បង្រ្កាបបានកាលពីពេលកន្លងទៅ

អញ្ជើញធ្វើបាឋកថាលើប្រធានបទស្តីពី«បទពិសោធការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន» កាលពីថ្ងៃទី១០កក្កដាម្សិលមិញ លោក ជួន ណារិន្ទ បានលើកឡើងថា ការអនុវត្តបង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់ គឺជាការចូលរួមអនុវត្តពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។ លោកបានលើកឡើងពីយន្តការសំខាន់ៗចំនួន ដែលធ្វើឱ្យអាជ្ញាធរបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាពក្មេងទំនើង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព រួមមាន៖ វិធានការដោយប្រើប្រាស់កម្លាំងសរុប, វិធានការសរុប, និងជំនាញសរុប។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

បើតាមលោក ជួន ណារិន្ទ ក្មេងទំនើងបែងចែកជា៣ប្រភេទគឺ៖ ១.ក្មេងទំនើងបង្កើតជាក្រុម ប៉ុន្តែមិនទាន់ធ្វើសកម្មភាព។ ២.ក្មេងទំនើងបង្កើតក្រុមហើយបានធ្វើសកម្មភាព និង៣.ក្មេងទំនើងបានធ្វើសកម្មភាពហើយ ប៉ុន្តែបង្រ្កាបមិនទាន់បាន។ លោកថា ទោះបីអាជ្ញាធរបានដាក់ចេញវិធានការ និងធ្វើការចុះបង្រ្កាបជាហូហែរយ៉ាងណា ប៉ុន្តែករណីក្មេងទំនើងនេះនៅមិនអស់នៅឡើយ ដូច្នេះ ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្តល់ព័ត៌មានអំពីក្មេងទំនើងដល់អាជ្ញាធរមានសមត្ថកិច្ច។ ចំពោះអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាដែលនៅសេសសល់ ហើយរត់គេចទៅតាមបណ្តាខេត្ត ដាក់ចេញគោលការណ៍ចុះធ្វើបច្ចុប្បន្នភាពមុខសញ្ញាក្មេងទំនើង និងចុះធ្វើរដ្ឋបាលនៅទីតាំងដែលមានការប្រមូលផ្តុំក្មេងទំនើង និងក្តាប់សភាពការណ៍តាមភូមិសាស្ត្រ។

ក្រៅពីបញ្ហាក្មេងទំនើង គ្រឿងញៀន ក៏ជាបញ្ហាស្មុគស្មាញ ក្នុងការបង្ការទប់ស្កាត់ ស្រាវជ្រាវ និងបង្រ្កាបផងដែរ ព្រោះឧក្រិដ្ឋជនគ្រឿងញៀនខ្លះមានជំនាញច្បាស់លាស់ ហើយបានប្រើប្រាស់រូបភាពច្រើនយ៉ាងក្នុងការជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់។ ពួកគេមានជំនាញអាចប្រើប្រាស់រូបមន្តសារធាតុគីមីផ្សំមួយចំនួន កែច្នៃជាគ្រឿងញៀនសំយោគ និងសកម្មភាពលក់ចែកចាយគ្រឿងញៀនដោយប្រើប្រាស់មុខសញ្ញាគ្រប់ប្រភេទ រួមទាំងកុមារមិនទាន់គ្រប់អាយុទៀតផង។ លោក ជួន ណារិន្ទ បានលើកទឹកចិត្តបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនស្មារតីជំនាញវិជ្ញាជីវៈរបស់ខ្លួនឱ្យបានច្បាស់លាស់ បង្កើនពង្រឹងប្រមូលធនធានមនុស្ស និងការដឹកនាំប្រតិបត្តិការឱ្យយល់អំពីផ្លូវច្បាប់ ដើម្បីឆ្លើយតបដោះស្រាយបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព៕

រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត