រដ្ឋមន្ត្រីមហាផ្ទៃ ចេញបញ្ជាចាប់ខ្លួនក្មេងទំនើងឱ្យបានក្នុងរយៈពេល៤៨ម៉ោង ក្រោយបង្កហេតុ
អុន សម្ផស្ស
19 កុម្ភៈ 2026 04:30 AM

រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងឱ្យឆាប់រហ័ស ដោយគ្មានការលើកលែង។ នេះបើតាមការចុះផ្សាយលើគណនីហ្វេសប៊ុក លោក រ៉េន រតនៈ អ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦…។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ប្រមុខក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨កុម្ភៈ បានបញ្ជាដោយផ្ទាល់ទៅ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងស្រាវជ្រាវចាប់ខ្លួនឱ្យបានមិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន។ លោកឧបនាយករដ្ឋមន្រ្តី ស សុខា សង្កត់ធ្ងន់ក្នុងន័យប្រដូចថា៖«សូម្បីក្រុមឆបោកតាមប្រព័ន្ធអនឡាញ នៅតែសមត្ថកិច្ចយើងអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើង ឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន»។ 

លោក រ៉េន រតនៈអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា
លោក រ៉េន រតនៈអ្នកនាំពាក្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា

របាយការណ៍ពីក្រសួងមហាផ្ទៃ ក្នុងឆ្នាំ២០២៥ បានដាក់ចេញ និងជំរុញវិធានការបង្ការ ទប់ស្កាត់ក្រុមសង្គមងងឹត ក្រុមក្មេងទំនើង ដែលអាចបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមជាតិ។ ជាក់ស្តែង កម្លាំងសមត្ថកិច្ចបង្ក្រាប សកម្មភាពក្រុមក្មេងទំនើងបាន ៩៩១ករណី ឃាត់ខ្លួនមនុស្សសរុបចំនួន ៣៦០៧នាក់ បញ្ជូនទៅអនុវត្តទោសតាមច្បាប់ចំនួន ២៣៥៥នាក់។ រីឯ១២៣៨នាក់ ផ្សេងទៀតសមត្ថកិច្ចគ្រាន់តែអប់រំ ដាក់ទណ្ឌកម្ម រួចធ្វើកិច្ចសន្យាដោយមានអាណាព្យាបាលមកធានា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត