អាវុធហត្ថខេត្តកំពង់ស្ពឺ ដុសក្អែលក្រុមក្មេងទំនើង២ក្រុមមានគ្នា១៣នាក់ ក្រោយពលរដ្ឋប្ដឹងរឿងបង្ហោះម៉ូតូផ្អើលភូមិ
Chanmarady Chuon
02 កញ្ញា 2026 02:00 PM

ក្រុងច្បារមន៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចង្អុលបង្ហាញ និងអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំ បានចុះបង្រ្កាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន២ក្រុម សរុបមនុស្ស១៣នាក់ ជាបន្តបន្ទាប់ ករណីជិះម៉ូតូបង្កភាពរញ៉េរញ៉ៃ និងបង្ហោះតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ...។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងបណ្តឹងតាមទូរសព្ទពីប្រជាពលរដ្ឋ តាមរយៈលេខទូរសព្ទ Hot Line (1292) ជុំវិញករណីក្រុមក្មេងទំនើង ធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ។ ក្នុងនោះ ករណីទី១៖ប្រព្រឹត្តទៅកាលពីវេលាម៉ោង២២:៤០នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ កម្លាំងកងរាជអាវុធហត្ថ បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងបានចំនួន១១នាក់ នៅនឹងកន្លែងកើតហេតុ ខណៈក្រុមក្មេងទំនើងទាំងនោះ មានអាយុចន្លោះពី១៥ដល់១៩ឆ្នាំ និងភាគច្រើនជាកម្មកររោងចក្រ។ ករណីទី២៖ កាលពីវេលាម៉ោង១៣:៥០នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានក្មេងស្ទាវមួយក្រុមទៀតចំនួន២នាក់ បានជិះម៉ូតូបង្ហោះបង្កភាពរញ៉េរញ៉ៃនៅត្រង់ចំណុចវិមានឯករាជ្យក្នុងក្រុងច្បារមន ស្ថិតក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ដដែល ក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនភ្លាមៗផងដែរ។ ក្នុងប្រតិបត្តិការទាំងពីរករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ ម៉ូតូ៨គ្រឿង និងទូរសព្ទដៃ១១គ្រឿង។

បច្ចុប្បន្ន ក្មេងទំនើងទាំង១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុកម្តាយ និងអាណាព្យាបាល ដើម្បីឱ្យរចនាសម្ព័ន្ធគ្រួសារជួយតាមដាន និងបញ្ឈប់រាល់សកម្មភាពទំនើងរបស់ក្រុមក្មេងទាំងនោះ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គម។ ដោយឡែក ចំពោះមធ្យោបាយម៉ូតូទាំង៨គ្រឿង សមត្ថកិច្ចបានដកហូតយកទៅរក្សាទុករយៈពេល៣ខែ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តាមវិធានការរដ្ឋបាលយ៉ាងតឹងរ៉ឹង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត