
ក្រុងបាត់ដំបង៖ គ្រោះថ្នាក់ដោយសារបាតុភូតធម្មជាតិ បានគំរាមកំហែងជីវិតប្រជាពលរដ្ឋម្នាក់ បណ្ដាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរន្ទះបាញ់ចំ ខណៈកំពុងបើកបរគោយន្តកន្ត្រៃឆ្លងកាត់ទំនប់អាងភាស ពេលមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង...។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៣:០០នាទីរសៀល ថ្ងៃទី១៧កញ្ញា ឆ្នាំ២០២៦ នៅចំណុចទំនប់អាងភាស ស្ថិតក្នុងភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា ហឿប ញឿន (ហៅ តក់) អាយុ៣១ឆ្នាំ ជាអ្នកបើកបរគោយន្ត ចំណែកបុរសជាពូបង្កើត ដែលអង្គុយនៅលើរ៉ឺម៉កខាងក្រោយ ពុំមានរងរបួសអ្វីឡើយ។ បើតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកថ្មគោល បានឱ្យដឹងថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានមិនទាន់ទទួលបានព័ត៌មាននោះទេ ដោយសារក្រុមគ្រួសារដឹកសពជនរងគ្រោះ យកទៅដល់ផ្ទះ និងរៀបចំដាក់ចូលក្នុងមឈូសរួចរាល់ហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យតាមក្រោយ។ ផ្អែកតាមការសាកសួរពីសមត្ថកិច្ច មុនពេលកើតហេតុ ជនរងគ្រោះ និងពូ បានធ្វើដំណើរតាមគោយន្តកន្ត្រៃ នៅលើទំនប់អាងខាងលើ ខណៈកំពុងមានភ្លៀងធ្លាក់ខ្លាំង ស្រាប់តែ រន្ទះបាញ់ចំអ្នកបើកបរ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ។

គួរបញ្ជាក់ផងដែរថា ក្នុងរដូវវស្សាឆ្នាំ២០២៦នេះ អាកាសធាតុមានការប្រែប្រួលខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាប្រឈមនឹងហានិភ័យខ្ពស់ ពីបាតុភូតធម្មជាតិ ដូចជា ភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ជាដើម។ល។ ដែលតែងតែកើតមានឡើងភ្លាមៗនៅតាមបណ្តាខេត្តមួយចំនួន។ ហេតុនេះហើយ ទើបអាជ្ញាធរសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរលើដងផ្លូវ និងកសិករធ្វើស្រែចម្ការ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត នៅពេលមានភ្លៀងធ្លាក់ខ្លាំង និងមានផ្គររន្ទះ សូមប្រញាប់ស្វែងរកទីសុវត្ថិភាព ជៀសវាងការធ្វើដំណើរតាមគោយន្ត ម៉ូតូ ឬនៅក្រោមដើមឈើធំៗ និងទីវាលលម្ហ ដែលបង្កឱ្យមានគ្រោះថ្នាក់រន្ទះបាញ់ ជាយថាហេតុ៕




