
ខេត្តព្រះសីហនុ៖ បុរសម្នាក់ជិះម៉ូតូទៅលេងស្រុកកំណើត ពេលមេឃកំពុងភ្លៀងតាមបណ្ដោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីវាលរេញឆ្ពោះ ទៅខេត្តកំពត ជាអកុសលខណៈនោះក៏មានរន្ទុះបានបាញ់ចំបណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១១ៈ៣០នាទី ថ្ងៃទី០៩ឧសភា ឆ្នាំ២០២៤ នៅចន្លោះគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់…។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា តាមការបំភ្លឺរបស់ឈ្មោះ មូល សុធា ភេទប្រុស អាយុ២៩ឆ្នាំ ជាជាងជួសជុលម៉ូតូនៅក្បែរកន្លែងកើតហេតុថា ពេលមុនកើតហេតុខ្លួនកំពុងតែអង្គុយជួសជុលម៉ូតូនៅក្នុងតូប ហើយខណៈនោះមានមេឃកំពុងភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះផងដែរ ពេលនោះគាត់ឃើញមានបុរសម្នាក់ (ជនរងគ្រោះ) បានជិះម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៦ពណ៌ខ្មៅ ទិសដៅបើកពីវាលរេញឆ្ពោះទៅកំពត ពេលជិះមកដល់ចំណុចកើតហេតុ ក៏ឮសូរបាញ់ផូងហើយឃើញជនរងគ្រោះធ្លាក់ចេញពីលើម៉ូតូតែម្តង។ ដូច្នេះ ក៏បានហៅអ្នកជិតនោះមកជួយមើលតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ហុង ឃ្លោ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជាកម្មករ មានទីលំនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ នៅក្នុងហេតុការណ៍នេះដែរ ក៏មានការចុះត្រួតពិនិត្យពីសំណាក់សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកក្រោយពីការត្រួតពិនិត្យ វិភាគកន្លែងកើតហេតុសពខាងលើពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះឡើយ។

សូមជម្រាបថា បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅខេត្តកំពត។ គួរឱ្យដឹងដែរថា ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ តំបន់មាត់សមុទ្ទ រួមមាន ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២៥ភាគរយ៕ រាយការណ៍ដោយភ្នាក់ងារ៖ខេត្តព្រះសីហនុ



