មនុស្ស៧នាក់ត្រូវរន្ទះបាញ់បណ្តាលឱ្យរងរបួស ខណៈកំពុងជួបជុំផឹកស៊ីក្បែរគុម្ពឫស្សី
អុន សម្ផស្ស
23 ឧសភា 2023 07:00 PM

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមួយក្រុម បានជុំគ្នាផឹកស្រាក្បែរគុម្ពឫស្សី រំពេចនោះក៏ត្រូវបានរន្ទះបាញ់បណ្តាលឱ្យរងរបួសធ្ងន់-ស្រាលចំនួន៧នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្នុងភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះមានគ្នាប្រុសស្រីប្រមាណជាង១០នាក់ ទំនេរពីធ្វើស្រែចម្ការបានជួបជុំគ្នាផឹកស្រា-ស ក្រោមម្លប់ក្បែរគុម្ពឫស្សី ខ្លះអង្គុយលើគ្រែខ្លះទៀតអង្គុលើអង្រឹងខណៈនោះស្រាប់តែមេឃងងឹងរកកលចង់ភ្លៀង ដោយមានទាំងផ្គររន្ទះផងនោះ ក៏បានបាញ់ចំវង់កំពុងផឹកស៊ីនោះតែម្ដង បណ្តាលឱ្យរបួសចំនួន៧នាក់ ក្នុងនោះ២នាក់បានរងរបួសធ្ងន់ ដោយបុរសចំណាស់ម្នាក់បានសន្លប់ត្រូវបានសាច់ញាតិដឹកទៅមន្ទីរពេទ្យឯកជនក្រុងសិរីសោភ័ណ។ រីឯម្នាក់ទៀតជាស្ត្រីរងរបួសធ្ងន់ដែរ តែនៅដឹងខ្លួន ក៏ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពឃុំសំរោង។ ពលរដ្ឋដដែលបន្តថា ក្នុងហេតុការណ៍នោះ អ្នកដែលត្រូវរន្ទះបាញ់បានឆេះខោអាវអុចៗ និងជាំពេញខ្លួនព្រមទាំងហឹងត្រចៀកស្តាប់អ្វីមិនឮនោះទេ។

សូមជម្រាបថា ជុំវិញករណីដែលបង្កដោយគ្រោះធម្មជាតិនេះ មេឃុំសំរោងក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែរដូវនេះ ជារដូវធ្លាក់ភ្លៀងដើមដៃនៃរដូវស្សា ជាហេតុមានរន្ទះកាចៗណាស់។ ដូច្នេះ នៅពេលមេឃងងឹតមានភ្លៀងធ្លាក់ផ្គរ ពលរដ្ឋត្រូវចេញពីក្រោមដើមឈើ ឬក៏ទីវាលត្រូវនាំគ្នាចូលផ្ទះការពារគ្រោះថ្នាក់ ដែលអាចនឹងកើតមានឡើងដូចករណីខាងលើនេះ ៕ រាយការណ៍ដោយ៖ លោក ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត