
ក្រុងសៀមរាប៖ ស្របពេលអាកាសធាតុមិនសូវល្អ ភ្លៀង ផ្គររន្ទះ ខ្យល់កន្រ្តាក់នៅតែកើតមានជាបន្តបន្ទាប់ អភិបាលរងខេត្តសៀមរាប លោក យុន លីនណេ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបន្តពង្រឹងការងារផ្សព្វផ្សាយវិធីបង្ការ និងការពារខ្លួនពីបាតុភូតរន្ទះបាញ់ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន…។

លោក យុន លីនណេ បានឱ្យដឹងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា បាននិងកំពុងទទួលរងគ្រោះធម្មជាតិ បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។ បាតុភូត ឬគ្រោះមហន្តរាយដែលបណ្ដាលមកពីរន្ទះបាញ់ បាននិងកំពុងក្លាយជាគ្រោះថ្នាក់ដ៏សាហាវដែលកើតមានឡើងជារៀងរាល់ឆ្នាំ ហើយបាតុភូតនេះ បានបណ្ដាលឱ្យមានមនុស្សសត្វបាត់បង់ជីវិត និងធ្វើឱ្យទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើន រងនូវការខូចខាត។ បើតាមលោក យុន លីនណេ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ ខេត្តសៀមរាប មានករណីរន្ទះបាញ់កើតឡើង២៧ករណី បណ្ដាលឱ្យមនុស្ស៦នាក់ស្លាប់ ៤៣នាក់រងរបួស និងងាប់គោ-ក្របី១៨ក្បាល។ លោកបញ្ជាក់យ៉ាងដូចនេះក្នុងកិច្ចប្រជុំពិភាក្សា និងស្ដាប់បទបង្ហាញពីប្រព័ន្ធប្រកាសអាសន្ន ស្ដីពីរន្ទះបាញ់របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីរសៀលថ្ងៃទី៦តុលា។

យ៉ាងណាក៏ដោយ ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយសារគ្រោះធម្មជាតិ អាជ្ញាធរខេត្តសៀមរាប កំពុងយកចិត្តទុកដាក់ ក្នុងការដាក់ចេញនូវវិធានការការពារនានាពីផលប៉ះពាល់នៃគ្រោះមហន្តរាយ។ អភិបាលរងខេត្តរូបនេះ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងការងារផ្សព្វផ្សាយពីវិធីបង្ការ និងការពារខ្លួនពីបាតុភូតគ្រោះធម្មជាតិ ជាក់ស្ដែង ដូចជារន្ទះបាញ់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សូមជម្រាបថា ដើម្បីការពារខ្លួនពីបាតុភូតរន្ទះ បងប្អូនពលរដ្ឋដែលកំពុងនៅទីវាល មិនគួរចូលជ្រកក្រោមដើមឈើ មិនត្រូវឈរលើដីទួល និងត្រូវនៅឆ្ងាយពីរបងដែក ពេលមេឃកំពុងភ្លៀង។ សម្រាប់នៅក្នុងផ្ទះ ពលរដ្ឋគួរមានឧបករណ៍ការពាររន្ទះ និងត្រូវបិទគ្រឿងអេឡិចត្រូនិចដូចជា៖ ទូរទស្សន៍ វិទ្យុ និងទូរសព្ទជាដើម ក្នុងពេលមេឃកំពុងភ្លៀង៕



