ព្យុះ ផ្គររន្ទះ ផ្តាច់ជីវិតមនុស្ស៦៩នាក់នៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់
N
Nary Vann
13 មេសា 2025 10:30 AM

រដ្ឋធានីញ៉ូវដេលី៖ យ៉ាងហោចណាស់មនុស្ស៦៩នាក់ត្រូវបានស្លាប់នៅក្នុងសប្តាហ៍នេះ ដោយសារព្យុះភ្លៀង និងរន្ទះដ៏ខ្លាំងមិនធម្មតានៅទូទាំងរដ្ឋប៊ីហារ (Bihar) ភាគខាងកើតនៃប្រទេសឥណ្ឌា និងនៅប្រទេសនេប៉ាល់។

ខណៈទឹកជំនន់ភ្លាមៗ និងផ្លេកបន្ទោរបានសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ អ្នកវិទ្យាសាស្រ្តបានព្រមានថា កំណើនសីតុណ្ហភាពពិភពលោកកំពុងធ្វើឱ្យមានឧប្បត្តិហេតុអាកាសធាតុធ្ងន់ធ្ងរ។ អាជ្ញាធរគ្រោះមហន្តរាយរដ្ឋប៊ីហារបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៦១នាក់បានស្លាប់នៅក្នុងព្យុះភ្លៀង និងរន្ទះដ៏ខ្លាំងក្លាកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ មន្ត្រី​គ្រោះមហន្តរាយ​បាន​ប្រាប់ AFP ថា មនុស្ស៨នាក់​ទៀត​ត្រូវ​បាន​ស្លាប់​ក្នុង​ប្រទេស​នេប៉ាល់​ ​ដោយ​សារន្ទះនៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍។

ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេព្យាករថានឹងវាយលុករដ្ឋប៊ីហារម្ដងទៀត នេះបើយោងតាមការិយាល័យនាយកដ្ឋានឧតុនិយមក្នុងស្រុករបស់ប្រទេសឥណ្ឌា។ កាលពីឆ្នាំមុន អ្នកជំនាញព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងជំរុញឱ្យមានការកើនឡើងគួរឱ្យព្រួយបារម្ភនៃការវាយប្រហារដោយរន្ទះបាញ់សម្លាប់មនុស្សនៅក្នុងប្រទេសឥណ្ឌា ដែលបានសម្លាប់មនុស្សជិត១៩០០នាក់ក្នុងមួយឆ្នាំនៅក្នុងប្រទេសមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយសាកលវិទ្យាល័យ Fakir Mohan នៅរដ្ឋអូឌីសា (Odisha) បាននិយាយថា រន្ទះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១០១ ៣០៩នាក់នៅចន្លោះឆ្នាំ១៩៦៧ និង២០២០ ជាមួយនឹងការកើនឡើងយ៉ាងខ្លាំងរវាងឆ្នាំ២០១០ និង២០២០៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត