បើចង់ចេញពីពន្ធនាគារទៅជាប់ឃុំនៅផ្ទះ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបង់លុយជាង១២លានដុល្លារជាមុនសិន
Mao Sopha
21 នាទីមុន

រាជធានីគូឡាឡាំពួ៖ ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះបាទ ស៊ុលតង់ អ៊ីប្រាហ៊ីម អ៊ីស្កាន់ដា (Sultan Ibrahim Iskandar) បានប្រោសព្រះរាជប្រទានការសម្រាលទោសមួយកម្រិតថែមទៀត ដល់អតីតនាយករដ្ឋមន្ត្រី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដោយប្តូរពីការជាប់ឃុំក្នុងពន្ធនាគារ ទៅជាប់ឃុំក្នុងផ្ទះវិញ តាមការក្រាបបង្គំទូលសុំពីក្រុមប្រឹក្សាលើកលែងទោស (Pardons Board)។ ប៉ុន្តែការផ្លាស់ប្តូរពីពន្ធនាគារ ទៅគេហដ្ឋាន មានភ្ជាប់ជាមួយលក្ខខ័ណ្ឌ ដែលលោក ណាជីប ត្រូវអនុវត្តមិនអាចចៀសបាន។ 

សារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា លោក ណាជីប ត្រូវបង់ប្រាក់ពិន័យប្រមាណ១២,៣លានដុល្លារអាម៉េរិកសិន មុនពេលអាចផ្ទេរចេញពីពន្ធនាគារ ទៅកាន់គេហដ្ឋាន បូករួមទាំងលក្ខខ័ណ្ឌផ្សេងទៀត។ ក្រុមប្រឹក្សាលើកលែងទោស ប្រកាសថា អតីតនាយករដ្ឋមន្រ្តីវ័យ៧៣ឆ្នាំរូបនេះ ត្រូវគោរពតាមលក្ខខណ្ឌទាំងអស់ បើមិនគោរព ការលើកលែងទោសនេះ នឹងត្រូវលុបចោល ហើយលោកនឹងត្រូវបញ្ជូនត្រឡប់ទៅពន្ធនាគារវិញផងដែរ។

លោក ណាជីប ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីអស់ជិត១០ឆ្នាំ គឺពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨។ លោក ត្រូវបានកាត់ទោសក្រោមបទចោទធំៗ ដូចជា រំលោភអំណាច រំលោភទំនុកចិត្ត លាងលុយកខ្វក់ និងកេងយកប្រាក់ពីមូលនិធីរាជរដ្ឋាភិបាលឈ្មោះ SRC International ជាដើម។ តុលាការ រកឃើញប្រាក់ជាង១០លានដុល្លាររបស់មូលនិធិ SRC International ត្រូវបានផ្ទេរចូលគណនីធនាគារបស់លោក ណាជីប កាលលោកនៅកាន់អំណាច។   

ក្រោយអស់អំណាច អតីតនាយករដ្ឋមន្រ្តីរូបនេះ ក៏ត្រូវបានគណៈកម្មការប្រឆាំងអំពើពុករលួយ ឃាត់ខ្លួននៅឆ្នាំ២០១៨ តែត្រូវបានអនុញ្ញាតឱ្យវិលទៅគេហដ្ឋានវិញ ដោយពុំទាន់ជាប់ពន្ធនាគារជាផ្លូវការឡើយ។ រហូតដល់ឆ្នាំ២០២២ តុលាការ ក៏សម្រេចកាត់ទោសលោកឱ្យជាប់ពន្ធនាគារ១២ឆ្នាំ និងពិន័យជាប្រាក់ជាង៥១លានដុល្លារ។ ប៉ុន្តែ នៅឆ្នាំ២០២៤ ទោសរបស់លោក ត្រូវបានកាត់បន្ថយមកនៅត្រឹម៦ឆ្នាំ ហើយប្រាក់ពិន័យត្រូវបានកាត់បន្ថយមកនៅត្រឹមជាង១២លានដុល្លារវិញ៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត