អនុទីន ប្រើសម្ដីបាតផ្សារដាក់ជនបរទេសរស់នៅថៃ បើចង់ងា.ប់សូម​ទៅងា.ប់នៅប្រទេសអ្នកឯងចុះ!
S
Sinuon Nop
3 ម៉ោងមុន

រាជធានីបាងកក៖ ក្នុងនាមជាមេដឹកនាំប្រទេសមួយ អនុទីន បែរជាប្រើអារម្មណ៍មួម៉ៅក្ដៅក្រហាយ ជុំវិញការរិះគន់លើគណបក្សភូមិចៃថៃរបស់ខ្លួន ថាអាចជាប់ពាក់ព័ន្ធនឹងការគប់គិតនៅក្នុងការបោះឆ្នោតមិនប្រក្រតី ជ្រើសរើសមាជិកព្រឹទ្ធសភា កាលពីឆ្នាំ២០២៤ និងការតវ៉ាជំរុញឱ្យគណៈកម្មការរៀបចំការបោះឆ្នោតថៃ (EC) ស៊ើបអង្កេតលើករណីខាងលើ រួមទាំងរលកបាតុកម្មរើសអើងដល់ជនជាតិជ្វីហ្វផងនោះ ស្រាប់តែលោកនាយករដ្ឋមន្ត្រីថៃរូបនេះ ជះកំហឹងទៅលើជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងប្រទេសថៃ ជាមួយនឹងពាក្យសម្ដីបាតផ្សារថា៖«បើចង់ងាប់ សូមទៅងាប់នៅប្រទេសអ្នកឯងចុះ»...។(Sic)

នាយករដ្ឋមន្រ្ដីថៃ លោក អនុទីន
នាយករដ្ឋមន្រ្ដីថៃ លោក អនុទីន

សារព័ត៌មានថៃ Khaosod បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញាថា លោកនាយករដ្ឋមន្រ្ដីថៃ អនុទីន ឆានវីរគុល និងជារដ្ឋមន្រ្ដីក្រសួងមហាផ្ទៃផងនោះ បានថ្លែងទៅកាន់ជនបរទេស ក្រោមការចោទប្រកាន់ពីការបំពារបំពានច្បាប់ថៃ ឬកេងប្រវ័ញ្ចលើប្រជាជនថៃ ឱ្យចាកចេញពីប្រទេសថៃ ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ ខុសពីធម្មតា ចំពេលលោកបញ្ជាដល់មន្ត្រីថ្នាក់ខេត្ត បង្កើនការអនុវត្តច្បាប់។ លោកនាយករដ្ឋមន្រ្ដី អនុទីន បញ្ជាក់ថា៖«ប្រសិនបើអ្នកមកទីនេះ ចូររកស៊ីដោយសុចរិត។ ប៉ុន្ដែប្រសិនបើអ្នកនឹងងាប់ ចូរត្រឡប់ទៅងាប់នៅឯប្រទេសកំណើតរបស់អ្នកវិញចុះ។ អ្នកមិនចាំបាច់ មកងាប់នៅទីនេះទេ»។ ការធ្វើអត្ថាធិប្បាយ ជាមួយនឹងសម្ដីបាតផ្សាររបស់លោកនាយករដ្ឋមន្រ្ដី អនុទីន បានសំដៅទៅលើជនបរទេសទាំងហ្លាយណា ដែលចង់បង្កើតទីបញ្ចុះសពឯកជននៅក្នុងប្រទេសថៃ។

ថ្វីបើអនុទីន មិនបាននិយាយសម្ដៅទៅលើជនបរទេសណាមួយយ៉ាងណាក្ដី ប៉ុន្ដែពាក្យសម្ដីដ៏គំរោះគំរើយ មិនសក្ដិសមជាមេដឹកនាំប្រទេសនេះ ធ្វើឱ្យគេអាចកាត់យល់បាន ថា អនុទីន ចង់និយាយសម្ដៅទៅលើជនជាតិអ៊ីស្រាអែល ឬជនជាតិជ្វីហ្វ ដែលបច្ចុប្បន្ន ជនជាតិអ៊ីស្រាអែលមួយចំនួន បាននិងកំពុងស្នាក់នៅ រកស៊ី ក្នុងប្រទេសថៃ ដោយពួកគេខ្លះបានបង្កើតទាំងរបររកស៊ី និងបង្កើតទីតាំងកន្លែងបញ្ចុះសពថែមទៀតផង។ ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី អនុទីន កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលមានបាតុកម្ម នៅរាជធានីបាងកក ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ក្រោមការចោទប្រកាន់ ថា ជនជាតិមួយនេះ មករស់នៅ និងរកស៊ីនៅក្នុងប្រទេសថៃ មិនគោរពដល់ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិថៃ។ ស្របគ្នានេះ ក្រុមបាតុករជ្រុលនិយមថៃ បានសម្ដែងនូវការប្រឆាំងនឹងវត្តមានរបស់ជនជាតិអ៊ីស្រាអែល ជាមួយការលើកឡើង អំពីការព្រួយបារម្ភ និងភ័យខ្លាច ថា ជនជាតិជ្វីហ្វអាចនឹងមកដណ្ដើមគ្រប់គ្រងទឹកដីរបស់ថៃ ទើបពួកគេធ្វើបាតុកម្ម ក្រោមពាក្យស្លោកថា៖«យើងយកទឹកដីថៃរបស់យើង ត្រឡប់មកវិញ!»

លោកនាយករដ្ឋមន្រ្ដី បានថ្លែងនូវពាក្យអសុរោះបែបនេះ ក្នុងអំឡុងបើកកិច្ចប្រជុំ ស្តីអំពីគោលនយោបាយនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ ខណៈកំពុងពិភាក្សា អំពីកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋាភិបាលរបស់លោក នៅក្នុងការបង្ក្រាបជនបរទេស ក្រោមការចោទប្រកាន់ថា បានកេងប្រវញ្ចលើប្រជាជនថៃ ឬពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់នានា។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្ដី អនុទីន បានព្រមានដល់ជនបរទេស ត្រូវធ្វើការងារ ឬរកស៊ីដោយស្មោះត្រង់ គោរពច្បាប់ថៃ និងមិនត្រូវកេងប្រវញ្ចលើប្រជាជនថៃ ទើបប្រទេសថៃ ស្វាគមន៍។ ប៉ុន្ដែអ្នកដែលមានអាកប្បកិរិយាគឃ្លើន គំរាមកំហែង ឬបំភិតបំភ័យដល់អ្នកដទៃ ឬប្រព្រឹត្តអាកប្បកិរិយាផ្សេងៗទៀត ដែល«មិនអាចទទួលយកបាន»នោះ នឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ដ៏តឹងរ៉ឹងបំផុត។

ស្របគ្នានេះដែរ លោកនាយករដ្ឋមន្រ្ដី អនុទីន បានផ្ដល់ការណែនាំយ៉ាងពិសេស ដល់ខេត្តភូកេត និងខេត្តសុរាស្ត្រធានី (สุราษฎร์ธานี) ព្រមទាំងបានណែនាំដល់អភិបាលខេត្ត នៅទូទាំងប្រទេសឱ្យអនុវត្តច្បាប់ ប្រឆាំងនឹងជនបរទេសទាំងហ្លាយណា ដែលពាក់ព័ន្ធនឹងអាជីវកម្មខុសច្បាប់ និងសកម្មភាពផ្សេងៗទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត