សហរដ្ឋអាម៉េរិក រៀបចំសេណារីយ៉ូរួចជាសម្រេច សម្រាប់ស្ថានការណ៍អាក្រក់ណាមួយ ដែលកើតឡើងលើដែនដីរបស់ខ្លួន
S
Sinuon Nop
2 ម៉ោងមុន

បទបរិយាយ៖ ​រហូតមកដល់បច្ចុប្បន្ន​​​ មិនមែនគ្រប់ប្រទេសទាំងអស់នៅលើផែនដី សុទ្ធតែមានធនធានគ្រប់គ្រាន់ សម្រាប់ការរៀបចំផែនការ ទប់ទល់នឹងគ្រោះមហន្តរាយដែលមិនអាចប៉ាន់ស្មានបាននោះទេ ប៉ុន្ដែផ្ទុយទៅវិញ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានរៀបចំផែនការ​រួចរាល់អស់ហើយ សម្រាប់សេណារីយ៉ូ ឬហេតុការណ៍អាក្រក់បំផុត ដែលអាចនឹងកើតឡើងជាយថាហេតុ ដោយអាចទប់ទល់នឹងគ្រោះមហន្ដរាយ បង្កឡើងដោយធម្មជាតិ ឬមួយពីមនុស្ស...។

ប្រព័ន្ធផ្សព្វផ្សាយ ​Stars Insider បានចេញផ្សាយថា បើរាប់ចាប់តាំងពីគ្រោះរញ្ជួយដី រហូតដល់សោកនាដកម្មដែលបង្កឡើងដោយមនុស្ស រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានពិចារណាលើសេណារីយ៉ូត្រូវបានគេស្គាល់ថា«ការរៀបចំផែនការថ្នាក់ជាតិ» ដែលអាចបង្ការ​គ្រោះមហន្តរាយធ្ងន់ធ្ងរ សម្រាប់​ប្រជាជននៅក្នុងប្រទេស។​ ដូច្នេះប្រជាជនរបស់ប្រទេសមហាអំណាចកំពូលលំដាប់លេខ១ ទាំងយោធា និងសេដ្ឋកិច្ចរបស់ពិភពលោកមួយនេះ គួរតែអរគុណដល់ក្រុមអ្នកនយោបាយរបស់ពួកគេ ដែលបាននិងកំពុងខិតខំប្រឹងប្រែង។

សេណារីយ៉ូ សម្រាប់​ការរៀបចំផែនការថ្នាក់ជាតិ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍គ្រោះមហន្តរាយ ដែលអាចកើត​ឡើងជាច្រើនប្រភេទ។ សេណារីយ៉ូទាំងនោះ គ្របដណ្ដប់លើគ្រោះមហន្តរាយបង្ក​ឡើងដោយ​ធម្មជាតិ និងដោយសារសកម្មភាពមនុស្ស ដែល​ត្រូវ​រៀបចំសម្រាប់ប្រើប្រាស់ក្នុងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងស្ថានភាពគ្រាអាសន្ន។​ ដំបូង ​មានការរៀបចំទុកលើផែនការ​ ពាក់ព័ន្ធនឹងការបំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងតំបន់ និងទីក្រុងធំៗ។ ការបំផ្ទុះអាវុធមហាប្រល័យលោកបែបនេះ នឹងបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងរង្វង់​១,៦គីឡូម៉ែត្រ​ បណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសយ៉ាងច្រើនបំផុត ដោយសារកម្លាំងបំផ្ទុះ ក៏ដូចជារលកកម្ដៅនៃវិទ្យុសកម្មនុយក្លេអ៊ែរ។

ដើម្បីទប់ស្កាត់ កុំឱ្យមានគ្រោះមហន្តរាយបែបនេះកើតឡើង ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ពី​បណ្ដាអាជ្ញាធរអនុវត្តច្បាប់ ដើម្បីរារាំងដល់ការផលិតឧបករណ៍នុយក្លេអ៊ែរ នៅលើទឹកដីសហរដ្ឋអាម៉េរិក ឬការនាំចូលឧបករណ៍មហន្ដរាយទាំងនោះ មកពីប្រទេសផ្សេងៗ។ ប៉ុន្តែក្នុងករណីមានការបំផ្ទុះអាវុធនុយក្លេអ៊ែរ​កើតឡើងនោះ វិធានការឆ្លើយតបទៅនឹងគ្រោះអាសន្នទាំងនេះ នឹង​មានជាអាទិ៍៖ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ការផ្ដល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រ សម្រាប់អ្នករងផលប៉ះពាល់ពីវិទ្យុសកម្ម និងកិច្ចខិតខំប្រឹងប្រែងដ៏​ទូលំទូលាយ នៅក្នុងការលុបបំបាត់ជាតិវិទ្យុសកម្ម។

ជាមួយនឹងការព្រួយបារម្ភ អំពីគ្រោះមហន្ដរាយនៃអាវុធមហាប្រល័យនេះ អតីតប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃឌិន កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ​បានអនុម័តយុទ្ធសាស្ត្រនុយក្លេអ៊ែរថ្មីមួយដោយ​​សម្ងាត់ ​ចំពេល​មហាយក្សចិន កំពុងពង្រីកឃ្លាំងស្ដុកអាវុធនុយក្លេអ៊ែររបស់ខ្លួន យ៉ាងឆាប់រហ័សផងដែរ។ នៅក្នុងសេណារីយ៉ូបែបនេះ ​អង់​​ត្រាក់ស្ព័រ (anthrax spore) ត្រូវបានប្រើប្រាស់ ជាអាវុធវាយប្រហារ ដោយភ្នាក់ងារជីវសាស្ត្រ ប្រឆាំងនឹងប្រជាជន​អាមេរិកាំង។ អង់​​ត្រាក់ស្ព័រ នឹង​សាយភាយនៅក្នុងទម្រង់ជាល្បាយភាគល្អិតក្នុងខ្យល់ (aerosol) នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ដោយ​បណ្ដាលឱ្យមានការឆ្លងរាលដាលយ៉ាងទូលំទូលាយ ព្រមទាំងមានរោគសញ្ញាជាច្រើន រួមមាន៖ ការពិបាកដកដង្ហើមយ៉ាងធ្ងន់ធ្ងរ និងការបាត់បង់អាយុជីវិតជាដើម ។ល។

ការវាយប្រហារបែបនេះ នឹងបង្កឱ្យមានការភ័យស្លន់ស្លោយ៉ាងខ្លាំង នៅពាសពេញផ្ទៃប្រទេស ដែលនឹងធ្វើឱ្យប្រព័ន្ធសុខាភិបាលរង្គោះរង្គើ ឬទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ រហូតដល់លើសពីលទ្ធភាពនៃការឆ្លើយតប។ ប្រព័ន្ធសុខាភិបាល​សាធារណជន នឹងអាស្រ័យលើការដាក់អ្នកឆ្លងជំងឺឱ្យនៅដាច់ដោយឡែក ការសម្អាតតំបន់ដែលរងផលប៉ះពាល់ និងការចែកចាយថ្នាំអង់ទីប៊ីយោទិក ព្រមទាំងវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ សម្រាប់មនុស្សគ្រប់រូប។ នៅក្នុងសេណារីយ៉ូ​​វាយប្រហារ ដោយភ្នាក់ងារជីវសាស្ត្រ តាមរយៈជំងឺប៉េស្ត ប្រភេទរលាកសួត (pneumonic plague) ដែលមានលក្ខណៈឆ្លងខ្លាំងនោះ បាក់តេរីនៃជំងឺនេះ ត្រូវបាន​បញ្ចេញដោយចេតនាទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ដែលវានឹងបណ្ដាលឱ្យមានការឆ្លងយ៉ាងឆាប់រហ័ស ទៅលើមនុស្សមួយចំនួនធំ និងធ្វើឱ្យពួកគេប្រឈមនឹង​រោគសញ្ញាឆ្លង តាមផ្លូវដង្ហើមដ៏ធ្ងន់ធ្ងរ រួមទាំងការក្អកធ្លាក់​​ឈាម..ជាដើម។

ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលាទេនោះ ជំងឺនេះ អាចបណ្ដាលឱ្យស្លាប់បាន​។ ប៉ុន្ដែកិច្ចខិតខំប្រឹងប្រែងឆ្លើយតបរបស់រដ្ឋាភិបាល នឹងផ្តោតលើការកំណត់អត្តសញ្ញាណ និងការផ្ដល់ការព្យាបាលដល់អ្នកជំងឺឱ្យបានឆាប់រហ័ស ព្រមទាំងការអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែក និងការផ្ដល់ព័ត៌មានសុខភាពសាធារណៈ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសញ្ញា និងរោគសញ្ញានៃជំងឺ។ ពាក់ព័ន្ធនឹងការបញ្ចេញសារធាតុគីមី បង្កឱ្យមានពងបែក (BlisterAgent) ដូចជា ឧស្ម័នម៉ាស្តាដ (Mustard Gas) នៅទីសាធារណៈ។ ការប្រើប្រាស់សារធាតុប្រភេទនេះ គឺជាទម្រង់មួយ នៃសង្គ្រាមគីមី ដែលបង្កឱ្យមានការរលាក ដោយសារសារធាតុគីមីយ៉ាងធ្ងន់ធ្ងរ និងមានពងបែកនៅលើស្បែក។ ប្រសិនបើវាស្រូបចូល វាអាចបង្កឱ្យមានរបួស នៅផ្នែកខាងក្នុងរាងកាយ ដែលអាចគំរាមកំហែងដល់អាយុជីវិត។

ដោយសារសារធាតុគីមីបង្កពងបែក (blister agents) មានប្រតិកម្មយ៉ាងឆាប់រហ័ស ទើបចាំបាច់ត្រូវមានការឆ្លើយតបជាបន្ទាន់ ដើម្បីលាងសម្អាតជាតិពុល ចេញពីមនុស្ស និងតំបន់ដែលរងផលប៉ះពាល់។ លើសពីនេះ ក៏ចាំបាច់ត្រូវមានសេវាវេជ្ជសាស្ត្រ សម្រាប់ព្យាបាល ការរលាកដែលបណ្ដាលមកពីសារធាតុគីមីផងដែរ។ បរិស្ថានជុំវិញទីតាំងដែលរងផលប៉ះពាល់ ក៏ទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ដោយសារសារធាតុបង្កពងបែក អាចត្រូវបានខ្យល់បក់នាំយកទៅយ៉ាងងាយស្រួល ហើយវារីករាលដាលទៅកាន់តំបន់ជិតខាង។ ការឆ្លើយតប ក្នុងគ្រាអាសន្ន ភាគច្រើនពាក់ព័ន្ធនឹងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ការផ្ដល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រដល់អ្នករងរបួស ព្រមទាំងការផ្ដល់ជម្រក និងសម្ភារចាំបាច់នានា ដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន។

ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅត្រង់​ថា សេណារីយ៉ូបែបនេះ ក៏បានគូសបញ្ជាក់ផងដែរ អំពីភាពចាំបាច់ សម្រាប់រដ្ឋាភិបាល ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ ដើម្បីទប់ស្កាត់រាល់ការវាយប្រហារ ដោយភេរវកម្ម ដែលអាចនឹងកើត​ឡើង។ បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានរៀបចំសេណារីយ៉ូរួចរាល់ ចាប់តាំងពី​គ្រោះមហន្ដរាយ បង្កឡើងដោយធម្មជាតិ និងគ្រោះមហន្ដរាយនានា បង្កឡើងដោយមនុស្ស ដោយរាប់បញ្ចូលទាំងការវាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ និងអាវុធជីវសាស្រ្ដស្ទើរមិនគួរឱ្យជឿ និងពិបាកស្មានដល់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត