
រាជធានីភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ឬACU បានធ្វើការឃាត់ខ្លួនលោកមេឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរ ខេត្តកោះកុង រួមជាមួយបក្ខពួក២នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងការរៀបចំទីតាំងជួយសម្រួលដល់សកម្មភាពរបស់ក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញស្កេម។ ជាមួយគ្នា អាជ្ញាធរកំពុងតាមប្រមាញ់ជនជាតិចិនម្នាក់ទៀត ដែលកំពុងរត់គេចខ្លួនផងដែរ...។

លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនជាប់ចោទ៤នាក់ ដែលរួមមាន៖ ទី១-ឈ្មោះ រៀម រុំ មេឃុំព្រែកខ្សាច់, ទី២-ឈ្មោះ ជា វាសនា, និងទី៣-ឈ្មោះ ជា សុទ្ធ ហៅម៉េង ពីបទស៊ីសំណូក, សមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។ ចំណែកជនទី៤.ឈ្មោះ ចាង ចៀនជាំង (ZHANG JIAN QIANG) ហៅ កៃ យ៉ូវយ័ន (Cai You Yuan) ហៅត្រង៉ោល កំពុងរត់គេចខ្លួន ដោយរងនូវបទចោទ សូកប៉ាន់, ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទសម្អាតប្រាក់។

សូមជម្រាបផងដែរថា ករណីចុះបង្ក្រាបដូចភ្លៀងរលឹមរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជានេះ ឆ្លុះបញ្ចាំងពីការរឹតបន្តឹង និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអង្គភាព ACU ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធឌីជីថល ឬ(Scam Centers) ដោយបានចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីអាជ្ញាធរទាំងហ្លាយណាដែលគប់គិត ឬនៅពីក្រោយខ្នងក្រុមឧក្រិដ្ឋជនទាំងនោះ ដោយគ្មានការលើកលែង។ សកម្មភាពទាំងនេះ កំពុងទទួលបានការសាទរពីសំណាក់ប្រជាពលរដ្ឋនៅក្នុងប្រទេស និងមិត្តបរទេសដែលបានចូលរួមសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរកម្ពុជា ដែលផ្ទុយពីការចោទប្រកាន់ អុចអាល ឆ្កឹះឆ្កៀល មូលបង្កាច់លាភពណ៌ ដោយការបង្កប់គំនិតទុច្ចរិតពីសំណាក់ប្រទេសថៃនោះឡើយ៕





