«ពន្លាជាតិកម្ពុជា» ត្រូវបានរៀបចំឡើងដោយជ្រើសរើសយកខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយនៅពិព័រណ៍ចិន-អាស៊ាន
S
Soriya Sou
39 នាទីមុន

ទីក្រុងណាននីង៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានសាងសង់ពន្លាជាតិ ទំហំ១៦០ម៉ែត្រការ៉េ ដោយជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ បង្ហាញភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន…។

ពន្លាជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ត្រូវបានសម្ពោធកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីលោក ហី វេនហៅ (HE Wenhao) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជននៃតំបន់ស្វយ័តក្វាងស៊ី, ប្រតិភូអន្តរក្រសួង-ស្ថាប័នកម្ពុជា ប្រតិភូខេត្តកំពង់ស្ពឺ និងវិស័យឯកជនជាច្រើនរូប។ ពន្លាជាតិនេះ ត្រូវបានរៀបចំឡើងដោយមានការរចនាបំផុសគំនិតពីស្ថាបត្យកម្មខ្មែរបុរាណ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជា ដើម្បីបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ។

ក្រៅពីពន្លាជាតិ កម្ពុជាក៏បានសម្របសម្រួល និងរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្ម ចំនួន៨០ស្តង់ ដែលរួមមាន៖ ក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា ចូលរួមសរុបចំនួន៥០ បានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលកសិកម្ម ផលិតផលឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ សេវាកម្មវិនិយោគ និងទេសចរណ៍។ ក្រសួងពាណិជ្ជកម្ម ក៏បានរៀបចំផ្ទះរួម (Common House) ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជាផងដែរ។

សូមជម្រាបថា «ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញផលិតផល និងសេវាកម្មពីក្រុមហ៊ុនមកពីបណ្តាប្រទេសអាស៊ានទាំង១១ ប្រទេសជាដៃគូ និងសាធារណរដ្ឋប្រជាមានិតចិន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត