
ក្រុងដូនកែវ៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងមន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន តាមរយៈការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានសម្ងាត់គ្នា សមត្ថកិច្ចកម្ពុជា បានរកឃើញទីតាំងរោងចក្រ និងឃ្លាំងស្តុកបំប្លែងការផលិតបារី មកជាបារីក្លែងម៉ាក៣១ប្រភេទ ភាគច្រើនជាបារីម៉ាកល្បី និងពេញនិយមទម្ងន់ប្រមាណ៨០០តោន នៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមពិធីដុតបំផ្លាញបារីក្លែងម៉ាកទាំងនោះចោល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦…។

ថ្លែងក្នុងពិធី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការដុតបំផ្លាញវត្ថុតាងជាង៨០០តោន នៅខេត្តតាកែវនេះ ជាវិធានការចាត់ចែងវត្ថុតាងជាបណ្តោះអាសន្នស្របតាមនីតិវិធីច្បាប់ ក្រោមការសម្រេចពីស្ថាប័នអយ្យការ ដើម្បីទប់ស្កាត់ដាច់ខាតមិនឱ្យយកបារីក្លែងម៉ាកទាំងនោះទៅប្រើប្រាស់ លក់ ចែកចាយ ឬបង្វិលចូលទីផ្សារឡើងវិញ។ ដោយឡែក ទិន្នន័យ និងបរិមាណវត្ថុតាងទាំងអស់ ត្រូវបានកត់ត្រាក្នុងសំណុំរឿងយ៉ាងត្រឹមត្រូវ ដើម្បីទុកជាមូលដ្ឋានផ្លូវច្បាប់ សម្រាប់ស្ថាប័នតុលាការ ក្នុងការបន្តនីតិវិធីចោទប្រកាន់ និងផ្តន្ទាទោសជនល្មើសតាមច្បាប់។ ទន្ទឹមគ្នា លោកឧបនាយករដ្ឋមន្ត្រី ថ្លែងសង្កត់ធ្ងន់ថា ការផលិត និងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ ជាពិសេស នៅក្នុងស្រទាប់យុវវ័យ។

ការក្លែងបន្លំម៉ាក ស្លាកសញ្ញា និងសំបកវេចខ្ចប់ មិនត្រឹមតែធ្វើឱ្យអ្នកទិញយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ម៉ាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈទៀតផង។ ឆ្លើយតបនឹងបញ្ហានេះ ការដោះស្រាយត្រូវពឹងផ្អែកលើការបញ្ជាក់ពីម្ចាស់ម៉ាកពិតប្រាកដ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមលក្ខណៈបច្ចេកទេស មានមូលដ្ឋានត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ក្នុងការកំណត់ថា ផលិតផលណាមួយដែលជាបារីក្លែងក្លាយ ឬពិតប្រាកដ។ ធ្វើដូច្នេះ ដើម្បីបង្កើនទំនុកចិត្តដល់អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ។ ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់ បង្ការ ទប់ស្កាត់ បង្រ្កាប ការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុខសុវត្ថិភាព និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ៕





